Tuesday, January 04, 2011

ឯកឧត្តម​ខៀវ​ កាញារីទ្ធ​សំណេះ​សំណាល​និង​ចែក​អំណោយ​ដល់​កុមារ​ពិការ​នៅ​សាលា​កុមារ​គ ​ថ្លង់​ និង​កុមារ​ពិការ​ភ្នែក​ខេត្ត​កំពង់​ចាម

 នៅ​ក្នុង​ពិធី​សំណេះ​សំណាល​និង​ចែក​អំណោយ​ដល់​កុមារ​នៅ​សាលា​កុមារ​ គ​ ថ្លង់​ ​និង​ កុមារ​ ពិការ​ភ្នែក​ ខេត្ត​កំពង់​ចាម​ ដែល​ជា​សាលា​របស់​អង្គការ​គ្រួសារ​ថ្មី​ កាល​ពី​ថ្ងៃ​ទី ​០៤ ​មករា​ ឆ្នាំ​ ២០១១​ ឯកឧត្តម​ ខៀវ​ កាញារីទ្ធ​ រដ្ឋមន្ត្រី​បាន​បង្ហាញ​ពី​ការ​បន្ត​យក​ចិត្ត​ទុក​ដាក់​របស់​រាជ​រដ្ឋាភិបាល​ចំពោះ​កុមារ​ពិការ​ទាំង​ឡាយ​ ក៏​ដូច​ជា​យក​ចិត្ត​ ទុក​ដាក់​ទៅ​លើ​ជន​ពិការ​ទូទៅ​របស់​កម្ពុជា​ផង​ដែរ​។
នៅ​ក្នុង​ពិធី​សំណេះ​សំណាល​ប្រចាំ​ឆ្នាំ​នោះ​ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​កោត​សរសើរ​ចំពោះ​ការ​ខិតខំ​ប្រឹង​ប្រែង​សិក្សា​រៀន​សូត្រ​របស់​ក្មួយ​ៗ និង​ការ​គោរព​វិន័យ​បាន​ល្អ​របស់​ពួក​គេ​ដោយ​មាន​ប្រសាសន៍​ថា​ ថ្វី​ត្បិត​តែ​ក្មួយ​ៗ​ជា​ជន​ពិការ​ក៏​ពិត​មែន​ក៏​ ប៉ុន្តែ​ក្មួយ​ៗមាន​សិទ្ធិ​ដូច​គ្នា​នឹង​ប្រជាពលរដ្ឋ​ដែល​មាន​កាយ​សម្បទា​ធម្មតា​ ទាំង​នៅ​ក្នុង​ការ​សិក្សា​រៀន​សូត្រ​ និង​ទាំង​ការ​ស្វែង​ រក​ការ​ងារ​ធ្វើ​ ព្រម​ទាំង​ការ​ចូល​រួម​ក្នុង​ជីវភាព​សង្គម​ជា​ធម្មតា​ផង​ដែរ​។ ឯកឧត្តម​រដ្ឋមន្ត្រី​ថ្លែង​ថា ​ប៉ុន្តែ​ទន្ទឹម​នឹង​ការ​យក​ចិត្តទុក​ដាក់​ និង ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​បែប​គ្រប់​បែប​យ៉ាង​​ពីសំណាក់​រាជរដ្ឋាភិបាល​នេះ​ ក្មួយ​ៗ​ក៏​ត្រូវ​តែ​ប្រឹង​​ប្រែង​ដោយ​ខ្លួន​ ឯង​បន្ថែម​ទៀត​ ព្រោះ​ថា​ ការ​ជួយ​ពី​សំណាក់​រាជរដ្ឋាភិបាលក៏​ដូច​ជា​ជំនួយ​របស់​សប្បុរ​សជន​នា​នា​វា​គ្រាន់​តែ​ជា​ផ្នែក​មួយ​តែ​ប៉ុណ្ណោះ​ ហើយ​ក្មួយ​ៗ​ត្រូវ​តែ​ដឹង​ថា​មាន​តែ​ខ្លួន​ឯង​ទេ​ដែល​អាច​ជួយ​ខ្លួន​ឯង​បាន​ហើយ​នឹង​ធ្វើ​ឲ្យ​អនាគត​របស់​ខ្លួន​មាន​ភាព​ ភ្លឺ​ស្វាង​នោះ​ ។

អំណោយ​ជា​គ្រឿង​ប្រើប្រាស់​ និង​ សម្ភារៈ​សិក្សា​ ព្រម​ទាំង​ថវិកា​ដែល​ត្រូវ​បាន​ចែក​ជូន​នៅ​ពេល​នោះ​រួម​មាន​ សិស្សានុសិស្ស​ទាំង​ ១៦៤ ​នាក់​ម្នាក់ៗ​ទទួល​បាន​កន្សែង​ពោះ​ ១ ​កន្សែង​បង់ក ​១ សៀវភៅ​សរសេរ​ ២​ ប៊ិច​ ២ ​ដើម​ អាវស​ដៃ​ខ្លី ​១ ប្រាក់ ​១ ​ម៉ឺនរៀល​ បុគ្គលិក​សិក្សា​ចំនួន​ ២៧ ​នាក់​ម្នាក់​ៗទទួល​បាន​ប្រាក់​ ៥​ ម៉ឺន​រៀល​កន្សែង​បង់ក​ ១ ​អាវយឺត​ ១ ​និង​សារ៉ុង​ ១​ ។ សម្រាប់​សាលា​កុមារ​គ ​ថ្លង់​ និង​ ពិការ​ភ្នែក​ ខេត្ត​កំពង់​ចាម​ទទួល​បាន​អង្ករ​ចំនួន​ ១ ​តោន​ សៀវភៅ​សរសេរ​ ១០០​ ក្បាល​ ប៊ិច​ ១០០​ ដើម​ ទូរទស្សន៍​ LCD ២២ អ៊ិញ មួយ​គ្រឿង​ និង​ ថាស​ផ្កាយ​រណប​ DTV ចំនួន​ ១ ​ព្រម​ទាំង​ថវិកា​ ១ ​ពាន់​ដុល្លារ​ និង​ ១​ លាន​រៀល ​។ ​ចាប់​តាំង​ពី​ឆ្នាំ​ ២០០៤ មក​ដល់​ឆ្នាំ​ ២០១០​ អំណោយ​ របស់​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌​មាន​ ដែល​បាន​ផ្តល់​ជូន​សាលា​កុមារ​គ ថ្លង់ ​និង​ កុមារ​ ពិការ​ភ្នែក​ ខេត្ត​កំពង់​ចាម​សរុប​ ជា​ទឹក​ប្រាក់​ចំនួន​ប្រមាណ​ ១៥​ លាន​រៀល​ និង​ ១៧០០​ ដុល្លារ​សហរដ្ឋ​អាមេរិក​ហើយ​ ៕

No comments:

Post a Comment