Saturday, January 01, 2011

ឆ្នាំ​២០១០ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​ជាង ២,៥ លាន​នាក់​

ឆ្នាំ​២០១០​កន្លងទៅ​ថ្មីៗ​នេះ​កម្ពុជា​ទទួលបាន​អ្នកទេសចរ​អន្តរជាតិ​ជាង ២,៥​លាន​នាក់​ដែល​កើនឡើង​ប្រមាណ ១៦% ឯ​អ្នកទេសចរ​ក្នុងស្រុក​ក៏​កើនឡើង​ដែរ ។ សម្រាប់​ឆ្នាំ​២០១១​នេះ កម្ពុជា​ក៏​សង្ឃឹមថា​អ្នកទេសចរ​ជាតិ និង អន្តរជាតិ​នឹង​កើនឡើង ។ នៅ​ខែមករា​ឆ្នាំ​២០១១ ពីថ្ងៃ​ទី​១៥ ដល់ ២១ កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​ទេសចរណ៍​ដ៏​ធំ គឹ​វេទិកា​ទេសចរណ៍​អាស៊ាន​លើក​ទី ៣០ ដែល​ក្នុងនោះ​មាន​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី និង ពិព័រណ៍​ទេសចរណ៍​ផងដែរ ។ តាមរយៈ​ព្រឹត្តិការណ៍​នឹង​អាច​ទាក់ទាញ​ទេសចរ​មក​ទស្សនា​កម្ពុ​ជា​កាន់តែច្រើន​។​

​    ​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​មានប្រសាសន៍​ដូច្នេះ​នៅក្នុង​ពិធី​ទទួល​អំណរ​ឆ្នាំ​ថ្មី​ឆ្នាំ​សកល ២០១១ វេលា​ម៉ោង ១១ និង ៥៥ រំលងអធ្រាត្រ​ថ្ងៃ​៣១ ធ្នូ​២០១០ ឆ្លង​ចូល​ថ្ងៃទី​១ មករា ឆ្នាំ​២០១១ នៅមុខ​ណាហ្គា​វើ​ល ខណៈ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ និង បរទេស​យ៉ាងច្រើន​បាន​ចូលរួម​អបអរសាទរ​ឆ្នាំ​ថ្មី​យ៉ាង​សប្បាយរីករាយ ។​

​    ​លោក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ឆ្នាំ​២០០៨ និង ២០០៩ ជា​ឆ្នាំ​ដែល​សកលលោក​ទាំងមូល​ត្រូវ​ទទួលរង​នូវ​វិបត្តិ​សេដ្ឋកិច្ច​ហើយ​បានធ្វើឱ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាជន និង ដំណើរ​ទស្សនា​កំសាន្ត​របស់​ទេសចរ​ផងដែរ តែ​នៅ​ចុងឆ្នាំ​២០០៩ និង ឆ្នាំ​២០១០ ជា​ឆ្នាំ​ដែល​សេដ្ឋកិច្ច​សកលលោក​បាន​ងើបឡើង​វិញ ។ ដូច្នេះ​កម្ពុជា​រំពឹងថា​ចំនួន​អ្នកទេសចរ​ជាតិ និង អន្តរជាតិ​កើនឡើង​នៅ​ឆ្នាំ​២០១១ ។​
​    ​លោក​ថោង ខុន បានប្រកាសថា កម្ពុ​ជាមាន​សុខសន្តិភាព និង សុវត្ថិភាព​ពេញលេញ​និង​មាន​សេវាកម្ម​ទេសចរណ៍​ប្រកបដោយ​គុណភាព​ផ្តល់ជូន​ភ្ញៀវទេសចរ​គ្រប់រូប ។ ជាពិសេស​សូមឱ្យ​ឆ្នាំ​ថ្មី​ឆ្នាំ​សកល​នេះ​នាំមក​នូវ​ភាពសម្បូររុងរឿង​ជូន​ដល់​ព្រះរាជាណាចក្រ​កម្ពុជា និង បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប ។​

​    ​នៅ​រាត្រី​ឆ្នាំ​ចាស់​ឆ្លង​ចូលឆ្នាំថ្មី​នេះ ណាហ្គា​វើ​ល បានរៀបចំ​ពិធី​រាប់​ថយក្រោយ​ដោយមាន​ការសម្តែង​សិល្បៈ ការប្រគំ​តន្ត្រី ការ​រាំច្រៀង​ដែលមាន​តារាចម្រៀង​ល្បីៗ​ចូលរួម​ដូចជា លោក​ករុណា ពេជ្រ សុគ​ន្ឋ ថេ​រ៉ា​យុ អ្នកនាង​មាស សុខ​សោភា កញ្ញា​ស៊ុន ស្រី​ពេជ្រ​និង​ឌី​ជេ​ក្តឹប​។​ជាពិសេស​នោះ​មាន​ការបាញ់​កាំជ្រួច​ចម្រុះ​ពណ៌​ដើម្បី​អបអរ​ពិធី​ចូលឆ្នាំថ្មី​។​នាឱកាស​នោះ លោក អេ​រីក ចាន់ អនុប្រធាន​ក្រុមហ៊ុន​ណាហ្គា​វើ​ល បាន​ថ្លែងអំណរគុណ​ដល់​ក្រសួងទេសចរណ៍​ជាពិសេស​លោក​រដ្ឋមន្ត្រី ថោង​ខុន ដែល​បាន​សហការ​និង​គាំទ្រ​ព្រឹត្តិការណ៍ រាំ​រាំ អបអរ​ស្វាគមន៍​ឆ្នាំ​ថ្មី​២០១១ ​នៅ​ណាហ្គា​វើ​ល​នេះ​ ។​

​    ​ក្នុងឱកាស​ដ៏​វិសេសវិសាល​នេះ លោក អេ​រីក ចាន់​ក៏បាន​គោរព​ជូនពរ​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន សម្តេច​ប្រធាន​ព្រឹ​ទ្ឋ​សភា​ជា ស៊ីម សម្តេច​ប្រធានរដ្ឋសភា​ហេង​សំរិន និង​ក្រុមគ្រួសារ​និង​ជូនពរ​ប្រជាជន​ប្រជាជន​កម្ពុជា​ទាំងអស់​ជួបប្រទះ​តែ​សេចក្តីសុខ​សប្បាយ​ភាពសម្បូររុងរឿង​គ្រប់ៗ​គ្នា​៕

No comments:

Post a Comment