Friday, December 03, 2010

ប្រតិភូ​សន្និសីទ​ ICAPP បាន​ចាត់ទុក​ការ​ដឹក​នាំ​របស់​សម្តេច​ តេជោ​នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​ជាគំរូ​ សម្រាប់​ដកពិសោធន៍​នៅ​ក្នុង​ប្រទេសផ្សេងៗទៀត​ (០៣/១២/២០១០)

ឯកឧត្តម​បណ្ឌិត​ សុខ អាន ឧបនាយករដ្ឋមន្ត្រី​​​រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី ​បាន​មាន​ប្រសាសន៍​វាយ​តម្លៃថា សន្និសីទអន្តរជាតិ ស្តីពីគណបក្ស​នយោបាយ​​នៅអាស៊ី​(ICAPP)​ លើកទី​៦ ដែល​ រៀប​ចំ​ឡើង​ដោយ​ គណបក្សប្រជាជន​​កម្ពុជា​​នៅ​រាជធានី​ភ្នំពេញ​ ទទួល​បាន​ជោគជ័យ​និង​មាន​ទំហំធំជាង​គេ​បង្អស់​​ក្នុង​ចំណោម​សន្និបាត​ដែល​បាន​ប្រព្រឹត្ត​៥​ លើក​​កន្លង​មក​។

​​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​វិមាន​សន្តិភាព​នៃ​ទីស្តីការ​គណៈរដ្ឋ​មន្ត្រី​ នា​រាត្រី​ថ្ងៃទី​៣ ខែធ្នូ​ ឆ្នាំ​២០១០​  ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី សុខ អាន ដែល​ជា​ប្រធាន​រៀប​ចំ​សន្និសីទ​​ ICAPP ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ចាប់តាំង​ពីថ្ងៃទី១ ដល់៣ ខែធ្នូ ឆ្នាំ២០១០ អង្គ​ប្រជុំ​ធំៗ​​​ ដែល​រួមមានសន្និសីទស្តីពី គណបក្ស​ប្រជាធិប​តេយ្យ​និយមកណ្តាល អាស៊ីប៉ាស៊ីហ្វិក អន្តរ ជាតិ(CAPDI) មហាសន្និបាតលើកទី៦នៃ សន្និសីទអន្តរជាតិ ស្តីពីគណបក្សនយោបាយ​ នៅអាស៊ី​(ICAPP) សន្និសីទស្តីពីសហប្រតិបត្តិការរវាង CAPDI​ និង​គណបក្ស​​នយោបាយ មកពីអាមេរិកឡាទីន (COPPAL) ។​ ការប្រារឰខួបលើកទី១០ នៃ​ការ​បង្កើត​ ICAPP ​ការ ប្រារឰ​​​ សិក្ខាសាលាពិសេស ស្តីពីតួនាទីរបស់ស្ត្រីនៅក្នុងនយោបាយ និង អ្នកដឹកនាំ នយោបាយវ័យក្មេង​ ទទួល​បានគាំទ្រពីក្រុមគណៈប្រតិភូ​គណបក្ស​នយោបាយ​មក ពី៤៦​ ប្រទេស​នៅ​ក្នុង​​ទ្វីប​អាស៊ី​ ។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី សុខ អាន ថ្លែងបញ្ជាក់​ទៅកាន់អ្នកកាសែតជាតិ និង អន្តរជាតិ​ថា​ “នេះ​​បាន​​បង្ហាញឱ្យ ឃើញពីការរីកធំធាត់របស់ស្ថាប័ន ICAPP  សន្និសីទអន្តរជាតិ នៃ គណបក្ស នយោបាយ​​​នៅ អាស៊ី” ។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី សុខ អាន បានមានប្រសាសន៍ថា “កម្ពុជាជាគំរូដ៏ល្អ សម្រាប់​ ពិភពលោក​” ។ ឯកឧត្តម​​បណ្ឌិត សុខ អាន បានមានប្រសាសន៍ទៀតថា “អ៊ីចឹង ហើយ​បាន​ ជា​ស្ថាប័ន​ ICAPP​ ចាត់ទុក កម្ពុជាប្រទេសគំរូ ដែលធ្វើឱ្យពួកគេ បង្កើតគណៈកម្ម ការ សន្តិភាព ដើម្បីជួយ សម្រប​សម្រួល​ ដល់ប្រទេសដែលកំពុង មានបញ្ហាដោយយកបទ ពិសោធន៍ពី ប្រទេសកម្ពុជា” ។

ជោគជ័យ​ធំៗ​ដែល​ព្រះរាជាណាចក្រកម្ពុជា​ទទួល​បាន​ក្នុង​ការ​រៀប​ចំ​សន្និសីទ​ ICAPP លើក ទី​៦​នេះរួម​មាន​​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាត្រូវ បាន​​តែងតាំងជា​ “វរប្រធាន​” របស់ គណបក្សប្រជាធិបតេយ្យ និយមកណ្តាលអន្តរ​ជាតិ អាស៊ីប៉ាស៊ីហ្វិក​ (CAPDI) ​ដែល​មាន​សមាជិកចំនួនជាង ៤០គណបក្ស នយោបាយ។ ក្នុង​នោះ​ នយោបាយ​ឈ្នះឈ្នះ​របស់ សម្តេច​អគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន​ ​ក្នុងការ​កសាង​ សន្តិភាព​ និង​រួប​រួម​ជាតិ​​ ការ​បង្កើត​គណៈកម្មការ​សម្របសម្រួល​អន្តរជាតិ​ ដើម្បី​អភិរក្ស​ និង ​អភិវឌ្ឍ​តំបន់អង្គរ ICC ត្រូវ​បាន​ចាត់ទុក​ជា​គំរូ​សម្រាប់​រៀន​សូត្រ​ដក​ពិសោធន៍​ នៅ​ក្នុង​ប្រទេស ​ផ្សេងៗ​ទៀត​។

ឯកឧត្តម​ ចូហ្សេ ដឺវិនិសៀ ​(Jose Venecia Jr)  ជា​ប្រធាន​ស្ថាបនិក​ និង​ជា​សហប្រធាន​ នៃ​ស្ថាប័ន​ ICAPP នៅក្នុង​សន្និសីទ​កាសែត​នោះ​ដែរ​ក៏បាន​ថ្លែង​កោត​សរសើរ​អំពី​ យុទ្ធសាស្ត្រ​ដឹកនាំ​របស់​ព្រះមហាក្សត្រ​​​កម្ពុជា សម្តេចតេជោ​ ហ៊ុន សែន និង បណ្តាថ្នាក់ដឹក នាំកំពូលៗឯទៀតរបស់ គណបក្ស​ប្រជាជន​កម្ពុជា​ព្រម​ទាំងការចូលរួមពីគណបក្ស ហ៊្វុន ស៊ិន ប៉ិច​ ចំពោះ ការបញ្ចប់ជម្លោះអស់ រយៈពេល​ជាង​៣០ ឆ្នាំ​នោះ​ដែរ។ នៅពេលនេះអតីត មេដឹកនាំ ខ្មែរក្រហមបាន និងកំពុងត្រូវគេកាត់ ទោស​ចំពោះ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​ របស់ពួកគេក្នុងអំឡុងពេលដែល ខ្មែរក្រហមកាន់អំណាច​ចន្លោះ​ពីឆ្នាំ១៩៧៥ ដល់ ១៩៧៩ ដែល​ក្នុង​រយៈ ពេលនោះ មនុស្សជិត២លាននាក់បានបាត់បង់ជីវិត ដោយសារការសម្លាប់ ក្រៅរង្វង់ច្បាប់ អត់​អាហារ​ ឈឺ និងអ្នកខ្លះទៀតស្លាប់ ដោយការបង្ខំធ្វើការហួសកម្លាំង ។
 ​ក្នុង​ចំណោម​គណបក្ស​នយោបាយប្រមាណ១០០ មក​ពី​ទ្វីប​អាស៊ី អាស៊ីប៉ាស៊ីហ្វិក និងទ្វីប អាមេរិក នៅក្នុងប្រទេសប្រមាណជិត ៥០ប្រទេស បានមកចូលរួមការប្រជុំនេះ ដែលមាន គណៈប្រតិភូ​ប្រមាណជាង ៥០០ នាក់រាប់ទាំងអ្នកសង្កេតការណ៍អន្តរជាតិត្រូវ​បាន​ដឹក​នាំ​ ដោយ​អតីត​ប្រធានាធិបតី​ ប្រធាន​​​​សភា នាយករដ្ឋមន្រ្តី​ក្នុង​មុខ​តំណែង​ និង​អតីត នាយករដ្ឋមន្ត្រី​ជា​ច្រើន​រូប​​ផងដែរ​ ។

ឯកឧត្តម បាន គីមូន អគ្គលេខាធិការ អង្គការសហប្រជាជាតិបានថ្លែងការ អបអររបស់លោក តាម​ប្រព័ន្ធ​ ​​Video Conference  ចំពោះ ការខិតខំប្រឹងប្រែងរបស់ ស្ថាប័ន អៃកាប់  (ICAPP)ក្នុង​ការ​ចូល រួម​ចំណែកការថែរក្សាសន្តិភាព ការអភិវឌ្ឍ វិបុលភាព និងយុត្តិធម៌សង្គម ក៏ដូច ជាការគោរព សិទ្ធិមនុស្ស ។

ឯកឧត្តម​ ចូហ្សេ ដឺវិនិសៀ ប្រសាសន៍ថា “យើង​ ICAPP ក៏បានស្នើឱ្យមានមូនិធិប្រឆាំង ភាពក្រីក្រ សម្រាប់​អាស៊ី​ និងសម្រាប់ពិភពលោក ផងដែរ” ។  ​ឯកឧត្តម ចូហ្សេ ដឺវិនិសៀបានបន្តថា សន្និសីទអន្តរជាតិ​នៅ​ក្រុង​ភ្នំពេញ​ ពេលនេះក៏បានលើកឡើងការបង្កើត គណៈកម្មការមួយ ដើម្បី និយាយទៅកាន់ គណបក្ស​កាន់​អំណាច​​នៅ​ឥណ្ឌា និងប៉ាគី ស្ថាន ដើម្បីដោះស្រាយបញ្ហាជម្លោះនៅ រដ្ឋកាស្មៀរ ។

 ​ឯកឧត្តម ចូហ្សេ ដឺវិនិសៀ ក៏បានប្រាប់អ្នកកាសែត ថា សន្និសីទរបស់ ICAPP ក៏បានគាំទ្រ បង្កើត​ឱ្យ​​មាន​​គណៈ កម្មការសន្តិភាព សម្រាប់ ដោះស្រាយវិបត្តិនយោបាយនៅ ប្រទេសនេប៉ាល់ ដែលកំពុង​ប្រឈម​​មុខ ការជាប់គាំងនយោបាយអស់រយៈពេល ៤ខែ ក្រោយ ពី ការបោះឆ្នោត។

នាយករដ្ឋមន្ត្រីចាំផ្ទះ នេប៉ាល់​ ឯកឧត្តម  ម៉ាតហាវ កុមារ នេប៉ាល់ (MADHAV KUMAR NEPAL) បានថ្លែងអំឡុង ពេល​ចូល​រួម​របស់លោកនៅក្នុងសន្និសីទថា ប្រទេស​ របស់លោក​ កំពុង​ស្វែង​រក​ដំណោះ​ស្រាយ​​នយោបាយ​តាម​គំរូ​ព្រះរាជាណាចក្រកម្ពុជា​។ ទន្ទឹម​នឹង​នេះដែរ លោក ចូហ្សេ បាន​មាន​ប្រសាសន៍​ថា សន្និសីទបាន យល់ព្រមគ្នាថានឹងបញ្ជូនគណៈកម្មការ សន្តិភាព​ របស់ ​ICAPP​ ទៅ​កាន់​ក្រុង​កាត ម៉ាន់ឌូ ប្រទេស នេប៉ាល់នៅដើមឆ្នាំក្រោយ ក៏ដូចជាបញ្ជូន គណៈកម្មការ​សន្តិភាព របស់​ ICAPP​ ទៅ​កាន់​ប្រទេស​អាហ្វហ្គានីស្ថាន ដើម្បី ស្វែងរកឱ្យមានការចរចារវាង​ពួកឧទ្ទាមតាលីបង់ និង​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​ ដែលកំពុង ដឹក នាំដោយប្រធានាធិបតី អាមីត កាសៃ ។

នៅក្នុងសន្និសីទអន្តរជាតិក្រោមប្រធានបទថា “ការស្វែងរកអនាគតកាន់តែប្រសើរ​សម្រាប់​ អាស៊ី​”ICAPP បានផ្តោតសំខាន់ លើ៣ចំណុចធំៗគឺ សេដ្ឋកិច្ច ថាមពល និងបរិស្ថាន។ ជាលើកដំបូងក្នុង​រយៈពេល១០ឆ្នាំ ចាប់តាំងពីការ បង្កើតស្ថាប័ន ICAPP នា​ឆ្នាំ​២០០០ មក​បញ្ហា​​ស្តីពី​ស្ត្រី​ជា អ្នក​នយោបាយ​ និងអ្នកដឹកនាំយុវជនវ័យក្មេង និងការ អភិវឌ្ឍសេដ្ឋកិច្ច ដោយរក្សាបាននូវ​បរិស្ថានល្អ​ត្រូវ​បាន​លើក​យក​មក​ពិភាក្សា​ ។

មហាសន្និបាតលើកទី៦របស់សន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅ អាស៊ី ICAPPដែល​រៀប​ចំ​ឡើង​​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​នៅពេល នេះ​គឺត្រូវ​ នឹងខួប កំណើត លើក ទី៣២នៃការបង្កើត រណសិរ្ស​សាមគ្គីសង្គ្រោះជាតិកម្ពុជាថ្ងៃ ទី២ ខែ​ធ្នូ ១៩៧៨ ដើម្បីផ្តួលរំលំ របបប្រល័យពូជសាសន៍​ខ្មែរ​ក្រហម​នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ ១៩៧៩ ផង​ដែរ។

សូម​បញ្ជាក់​ថា នៅ​ថ្ងៃទី​៤ -៥  ខែធ្នូ​ ឆ្នាំ២០១០ ​គណៈប្រតិភូ​​ ICAPP ត្រូវ​បាន​អញ្ជើញ ​ឲ្យ​ទៅ​ទស្សនកិច្ច​នៅ​តំបន់​ប្រាសាទ​អង្គរ និង​ប្រាសាទ​ព្រះវិហារ​។​

No comments:

Post a Comment