Friday, December 17, 2010

អង់គ្លេស​ផ្តល់ជំនួយ សង្គ្រោះ​វិបត្តិ​ថវិកា​នៅ​តុលាការ​ខ្មែរក្រហម ក្នុង​ខែ​ធ្នូ​នេះ​

ដោយ : លីហូវ
 រដ្ឋាភិបាល​នៃ​ចក្រភព​អង់គ្លេស បាន​អះអាង​បញ្ជាក់​ពី​ការផ្តល់​ជំនួយ​ថវិកា​ចំនួន ២១៥.០០០ ផោន ស្មើ​ប្រមាណ ៣៣៤.០០០ ដុល្លារ​អាមេរិក ដល់​តុលាការ​ខ្មែរក្រហម ដើម្បី​បំពេញ​តម្រូវការ​ខាង​ភាគី​កម្ពុជា ក្នុង​ចន្លោះ​រយៈពេល​រង់ចាំ​ការមកដល់​នៃ​ជំនួយ​ពី​ប្រទេស​ផ្តល់​ជំនួយ​ផ្សេងៗ​ទៀត​។ នេះ​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន របស់​តុលាការ​ខ្មែរក្រហម នា​រសៀល​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១០​។​

​    ​សេចក្តីប្រកាស​ព័ត៌មាន បាន​លើកឡើង​ថា ក្នុង​លិខិត​ផ្ញើរ​ជូន​លោក ក្រាញ់ តូ​នី ប្រធានការិយាល័យ​រដ្ឋ​បាល​ស្តីទី​នៃ​តុលាការ​ខ្មែរក្រហម លោក​ឯកអគ្គរាជទូត​អង់គ្លេស អេន​ឌ្រូ ម៉េស បាន​ជម្រាបជូន​ថា រាជរដ្ឋាភិបាល​អង់គ្លេស មាន​ឆន្ទៈ​ខ្ពស់​ក្នុង​ការគាំទ្រ​កិច្ចការ​របស់​តុលាការ​ចម្រុះ​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម ក្នុង​ខណៈ​ដែល​តុលាការ​នេះ កំពុងតែ​បោះជំហាន​ទៅរក​ដំណាក់កាល​ដ៏​សំខាន់​មួយទៀត​នៃ​អាណត្តិ​ការងារ​របស់​ខ្លួន​។​
​    ​សេចក្តីប្រកាស​ដដែល បាន​កត់សម្គាល់​ថា ចក្រភព​អង់គ្លេស ស្ថិតក្នុង​ចំណោម​ប្រទេស​ម្ចាស់​ជំនួយ​សំខាន់ៗ ដែល​បាន​ផ្តល់​ការគាំទ្រ​ចំពោះ​តុលាការ​ចម្រុះ​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម តាំង​ពី​តុលាការ​នេះ បាន​បង្កើតឡើង នៅ​ឆ្នាំ​២០០៦​។ មកដល់​បច្ចុប្បន្ន ថវិកា​ដែល​តុលាការ​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម បាន​ទទួល​ពី​ចក្រភព​អង់គ្លេស មាន​ចំនួន ៣,៧ លាន​ដុល្លារ​អាមេរិក​។​
​    ​លោក ឌឹ​ម សុ​វណ្ណា​រុំ អ្នកនាំពាក្យ​តុលាការ​ខ្មែរក្រហម បានបញ្ជាក់​ថា ថវិកា​ជំនួយ​របស់​ចក្រភព​អង់គ្លេស​នេះ បាន​ជួយ​បំពេញ​នូវ​កង្វះ​ថវិកា​របស់​ភាគី​កម្ពុជា នៅក្នុង​ខែ​ធ្នូ​នេះ​។​
​    ​ភាគី​កម្ពុជា ក្នុង​តុលាការ​ខ្មែរក្រហម ត្រូវ​ចំណាយ​មួយ​ខែៗ​ប្រមាណ ៤៨៥,០០០ ដុល្លារ​អាមេរិក លើ​ប្រាក់ខែ​បុគ្គលិក​កម្ពុជា​ប្រមាណ ២៩៤ នាក់​។​
​    ​តាមរយៈ​ការអំពាវនាវ​របស់​អគ្គ​លេខាធិការ​អង្គការសហប្រជាជាតិ លោក បាន គីមូន នៅក្នុង​កិច្ចប្រជុំ ស្តីពី ការសន្យា​ផ្តល់​ជំនួយ ដល់​សាលាក្តី​ខ្មែរក្រហម នៅ​ទីស្នាក់ការ​អង្គការសហប្រជាជាតិ នា​បូរី​ញូវយ៉ក សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១០ ប្រទេស​ម្ចាស់​ជំនួយ បានប្រកាស​សន្យា​ផ្តល់​ថវិកា​ដល់​សាលាក្តី​ខ្មែរក្រហម ចំនួន ១៦,៩ លាន​ដុល្លារ​អាមេរិក​។ ក្នុងនោះ ភាគី​កម្ពុជា ទទួលបាន​ប្រាក់​ចំនួន ៣,៤ លាន​ដុល្លារ​។ ចំណែក​ភាគី​អង្គការសហប្រជាជាតិ ទទួលបាន​ប្រាក់ ១៣,៥ លាន​ដុល្លារ​អាមេរិក​។​    ​    ​    ​
​    ​តុលាការ​ឧក្រិដ្ឋកម្ម ដែល​គាំទ្រ​ដោយ​អង្គការសហប្រជាជាតិ​នេះ ត្រូវការ​ថវិកា​ជាង ២១ លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ​២០១០​នេះ ដែល​រួមមាន ថវិកា ១៤,៦ លាន​ដុល្លារ​អាមេរិក សម្រាប់​ភាគី​អន្តរជាតិ និង​ថវិកា​ជិត ៦,៥ លាន​ដុល្លារ​អាមេរិក សម្រាប់​ភាគី​កម្ពុជា​៕

No comments:

Post a Comment