Saturday, December 18, 2010

តំណាងរាស្ដ្រជប៉ុនសន្យា នឹងជួយ ជំរុញផ្នែក ឯកជន ជប៉ុនអោយ បង្កើនការ វិនិយោគក្នុង ព្រះរាជាណាចក្រ កម្ពុជា


 ប្រតិភូតំណាងរាស្ដ្រមកពីគណបក្សប្រជាធិបតេយ្យ ដែលជាគណបក្សកាន់អំណាច នៅប្រទេសជប៉ុន បីរូបរួមមាន ៖  ឯកឧត្ដម ស៊ូយ៉ូស៊ី សៃតូ (TSUYOSHI SAITO) ឯកឧត្ដម ណាអូតូ សាកាហ្គូជី (NAOTO SAKAGUCHI) ឯកឧត្ដម តាកាហាស៊ី សូអ៊ីជី(TAKAHASHI SHOICHI) បាន សន្យាជាមួយ ឯកឧត្ដមបណ្ឌិត សុខ អាន ឧបនាយក រដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ទទួលបន្ទុក ទីស្ដីការគណរដ្ឋមន្ដ្រី នារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១០ ថា នឹងខិតខំធ្វើកិច្ចការ ជាច្រើនបន្ថែម ទៀត ដើម្បីជួយជំរុញ និងលើក ទឹកចិត្ដដល់ផ្នែក ឯកជនជប៉ុន អោយមកវិនិយោគទុននៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

 ការអះអាងរបស់ប្រតិភូតំណាងរាស្ដ្រជប៉ុន បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាមួយ នៅទីស្ដីការ គណរដ្ឋមន្ដ្រី ដែលក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិត សុខ អាន បានជំរាប ជូនភ្ញៀវជប៉ុនថា រាជរដ្ឋា ភិបាល និងប្រជាជនកម្ពុជា បានចាត់ទុកប្រទេសជប៉ុនជា ប្រទេស ទីមួយ ដែលបានផ្ដល់ជំនួយប្រភេទ ODA ដល់ ព្រះរាជាណាចក្រកម្ពុជាកន្លងមក ។ ផ្អែកលើជំនួយបច្ចេកទេស ការកសាងធនធានមនុស្ស និង កសាង ហេដ្ឋារចនាសម្ព័ន្ធ និងផ្អែកលើ ទំនាក់ទំនង មិត្ដភាព រវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ឈានដល់ កំរិត ខ្ពស់ តាមរយៈព្រះរាជដំណើរ ទស្សនៈកិច្ចរបស់  ព្រះមហាក្សត្រ នរោត្ដមសីហមុនី  និង សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នៅប្រទេស ជប៉ុន នាពេលកន្លងមក ប្រជាជនកម្ពុជា ត្រូវការ ថែមទៀតនូវការវិនិយោគ របស់ក្រុមហ៊ុនឯកជនជប៉ុនផងដែរ ។

 ឯកឧត្ដមបណ្ឌិត សុខ អាន បានបញ្ជាក់ថា បច្ចុប្បន្នសភាពការណ៍នៅកម្ពុជា មានអំណោយ ផលសំរាប់ក្រុមហ៊ុន វិនិយោគទុននានា ដែលក្នុងនោះសំរាប់ប្រទេសជប៉ុន កម្ពុជា មានធនធានមនុស្សជា ច្រើន ដែលបានបញ្ចប់ ការសិក្សានៅប្រទេសជប៉ុន ចេះ ភាសាជប៉ុន ។ កម្ពុជាមានតំលៃពលកម្មថោក ហើយ អ្នកបច្ចេកទេស ជប៉ុន ជាច្រើនក៏បាន សិក្សាពីកម្ពុជា ដែលបង្កលក្ខណៈ ងាយស្រួលសំរាប់ ក្រុមអ្នកវិនិយោគទុន មកពីប្រទេស ជប៉ុន ក្នុងការ រកស៊ីនៅក្នុងប្រទេសកម្ពុជាបន្ថែមពីលើក្រុមហ៊ុនជប៉ុន ដែលបច្ចុប្បន្នមាន ប្រមាណ ២២ក្រុមហ៊ុនរួចហើយ ។

មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្ដម ស៊ូយ៉ូស៊ី សៃតូ (TSUYOSHI SAITO) តំណាងអោយ ប្រតិភូ តំណាង រាស្ដ្រ ជប៉ុន បានជំរាបជូន ឯកឧត្ដមបណ្ឌិត សុខ អាន ថា រដ្ឋសភាជប៉ុន នឹងអនុម័ត គំរោងថវិកាជាតិ ឆ្នាំ២០០១ ដែលក្នុង នោះក៏មានទាំង ថវិកាជំនួយសំរាប់កម្ពុជា និងថវិកាសំរាប់ រដ្ឋសភា និងរដ្ឋាភិបាលជប៉ុនធ្វើការងារ សំរួលដល់ការ វិនិយោគទុនរបស់ជប៉ុនផងដែរ ។ ក្នុងនាមជាអ្នក តំណាងរាស្ដ្រក្នុង សម្ព័ន្ធមិត្ដភាពតំណាងរាស្ដ្រជប៉ុន  ឯកឧត្ដម ស៊ូយ៉ូស៊ី សៃតូ (TSUYOSHI SAITO) បាន សន្យាថា នឹងខិតខំចលនាក្នុងរដ្ឋសភា និងរដ្ឋាភិបាលជប៉ុន ព្រមទាំងក្រុមហ៊ុនជប៉ុន នានាអោយបង្កើត ការវិនិយោគមកក្នុងព្រះរាជាណាចក្រកម្ពុជា ដែលជាមូលដ្ឋានក្នុងការ បង្កើន ចំណងមិត្ដភាពរវាងប្រទេស ទាំងពីរ ជប៉ុន-កម្ពុជា ។ ដោយឡែក ឯកឧត្ដម តាកាហាស៊ី សូអ៊ីជី (TAKAHASHI SHOICHI) ក៏បានសន្យា ថា នឹងរៀបចំអោយមាន គំរោង មួយ ដើម្បីជំរុញអោយមានជើងយន្ដហោះ ហោះហើរត្រង់រវាង ជប៉ុន-កម្ពុជា នាឆ្នាំ ២០១២ ខាងមុខនេះ ដែលបញ្ហានេះត្រូវបានស្វាគមន៍ដោយ ឯកឧត្ដមបណ្ឌិត សុខ អាន  ព្រោះថា ការហោះហើរត្រង់រវាងកម្ពុជា-ជប៉ុន មិនត្រឹមតែបង្កើនការផ្លាស់ប្ដូរភ្ញៀវ ទេសចរណ៍ប៉ុណ្ណោះទេ តែថែមទាំង អាចជួយជំរុញដល់ការវិនិយោគទុនជប៉ុននៅកម្ពុជា ផងដែរ ។
 នៅក្នុងជំនួបពិភាក្សានោះដែរ ឯកឧត្ដមប្រតិភូអ្នកតំណាងរាស្ដ្រជប៉ុន បានកោត សរសើរ ចំពោះការ វិវឌ្ឍន៍រីកចំរើន យ៉ាងឆាប់រហ័សរបស់ព្រះរាជាណាចក្រកម្ពុជា និងបាន កោតសរសើរ ចំពោះ ថ្នាក់ដឹក នាំនៃរាជរដ្ឋាភិបាល កម្ពុជា ក្នុងការរៀបចំសន្និសីទអន្ដរជាតិ នៃគណបក្សនយោបាយអាស៊ី (ICAPP) នៅរាជធានីភ្នំពេញ ទទួលបានជោគជ័យ ក្នុង នាម ជាប្រធានអ្នករៀបចំ ។

No comments:

Post a Comment