Thursday, December 16, 2010

ឯកឧត្តម​បណ្ឌិត​ សុខ អាន​ ទទួលជួប​ពិភាក្សាការងារ​ជាមួយ​ប្រតិភូ​តំណាង​រាស្រ្ត​គណបក្ស​ប្រជាធិបតេយ្យ​ជប៉ុន

នារសៀល​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១០ នៅ​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី​ ឯកឧត្តម​បណ្ឌិត​ សុខ អានឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​ បាន​ទទួល​ជួប​ពិភាក្សាការងារ ​ជាមួយ​ឯកឧត្តម​ តាកាស៊ី អ៊ីស៊ីហ្សេគី (Takashi ISHIZEKI) ឯកឧត្តម​ អ៊ីជីរ៉ូ វ៉ាស៊ីយូ (Eiichiro WASHIO) ឯកឧត្តម​ គេរ៉ូ​ គីតាហ្គាមី(Keiro KITAGAMI) តំណាង​រាស្រ្ត​នៃ​គណបក្ស​ ប្រជាធិបតេយ្យ​(DPJ) ដែល​ជា​គណបក្ស​កាន់​អំណាច​នៅ​ប្រទេស​ជប៉ុន​។
       ​​គោល​បំណងនៃ​ជំនួប​នេះ​គឺ​​ពង្រីក​ និង​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ រវាង​កម្ពុជា​ និង​ជប៉ុន​ ពិសេស​លើ​វិស័យ​សេដ្ឋកិច្ច​ ក៏ដូច​ជា​ការ​ស្វែង​យល់​ បទពិសោធន៍​អំពី​ការ​ដោះស្រាយ​បញ្ហា​ ព្រំដែន​ និង​ការ​កសាង​សន្តិភាព​ ស្ថិរភាពនយោបាយ​ និង​ការ​បង្រួបបង្រួម​ជាតិ​នៅ​ កម្ពុជា​ផង​ដែរ​។​
 មាន​ប្រសាសន៍​ក្នុង​ឱកាស​នោះ​ឯកឧត្តម​បណ្ឌិត សុខ អាន បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ រដ្ឋាភិបាល​និង​ប្រជាជន​​ជប៉ុន ដែល​ជា​មិត្ត​ល្អ​ក្នុង​ការ​ឈានមុខ​ផ្តល់​ជំនួយ​(ODA)​ ដល់​ប្រទេស កម្ពុជា​​​​។ ក្នុង​នោះ​មាន​ជំនួយ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ ជំនួយ​ដល់​សាលាក្តី​កាត់ទោស​ មេដឹក​នាំខ្មែរ​ក្រហម​ ហើយ​ជប៉ុន​ជា​សហប្រធាន​នៃ​គណៈកម្មការ​សម្របសម្រួល​ អន្តរជាតិ​ អង្គរ ​(ICC-Angkor) ប៉ុន្តែ​ការ​វិនិយោគ​របស់​ក្រុម​ហ៊ុន​ឯកជន​ជប៉ុននៅកម្ពុជា​នៅ​មាន​កម្រិត​ នៅឡើយ​។​
          ឯកឧត្តម​បណ្ឌិត សុខ អាន ​សំណូមពរ​ឲ្យ​ជប៉ុន​បង្កើន​ការ​វិនិយោគ​ផ្នែក​ឯកជន​(SDI)ថែម​ទៀត​​​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​​​ រួម​មាន​ បើក​ការ​ហោះ​ហើរ​ដោយ​ផ្ទាល់​រវាង​ជប៉ុន​-កម្ពុជា​ ដោយ​ឯកឧត្តម​បណ្ឌិត​បាន​បញ្ជាក់​ថា ការ​ហោះហើរ​ត្រង់​ជប៉ុន​-កម្ពុជា​ មិន​ត្រឹម​តែ ជួយ​បង្កើន​ភ្ញៀវ​ទេសចរណ៍​រវាង​ប្រទេស​ទាំង​ពីរ​តែប៉ុណ្ណោះ​ទេ​ តែ​ថែម​ទាំង​ជួយ​ជម្រុញ​ការ​ វិនិយោគ​របស់​ជប៉ុន​មក​​កម្ពុជាកាន់​តែ​ច្រើន​​ផង​ដែរ​។​
 នៅ​ក្នុង​ឱកាស​នោះ​ដែរ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ ក៏បាន​ជម្រាបជូន​ភ្ញៀវ​តំណាង​រាស្ត្រ​ជប៉ុន​ អំពី​ ជោគជ័យ​នៃ​​សន្និសីទ​អន្តរជាតិ​នៃ​គណបក្ស​នយោបាយ​អាស៊ី​(ICAPP) លើកទី​៦ នៅ​ រាជធានី​ភ្នំពេញ​ ដែល​ក្នុង​នោះ​សម្តេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន​ ត្រូវ​បាន​ ជ្រើស ​តាំង​ជាង​វីរ​ប្រធាន​នៃ​គណបក្ស​នយោបាយ​និយម​កណ្តាលអន្តរ​ជាតិ​អាស៊ី​ប៉ាស៊ីហ្វិក​​(CAPDI) ជា​ពិសេស​ប្រតិភូ​គណបក្ស​នយោបាយ​នានា​ចូលរួម​ប្រមាណ​១០០ គណបក្ស​ នយោបាយ​មក​ពី​ ៤៦ ប្រទេស​បាន​សម្រេច​យក​នយោបាយ​កសាង​សន្តិភាព​ ស្ថិរភាព ​នយោបាយ​ និង​ការ​បង្រួបបង្រួមជាតិ​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​ធ្វើ​ជា​គំរូ​សម្រាប់​ យក​ ទៅ​ដោះ​ស្រាយ​ជម្លោះ​នយោបាយ​ ក្នុង​​ប្រទេស​ផ្សេង​ៗ​ទៀត​។​
ឯកឧត្តម​បណ្ឌិត​​ សុខ អាន​ ​ក៏បាន​ជម្រាបជូន​ផង​ដែរ​អំពី​បទពិសោធន៍​​របស់​ រាជរដ្ឋាភិបាល ​កម្ពុជា​ក្រោម​ការ​ដឹក​នាំ​របស់​​ សម្តេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការ ​ដោះស្រាយ ​បញ្ហា​ព្រំដែន​ និង​ជម្លោះ​ជាមួយ​ប្រទេស​ជិត​ខាង​​ ដោយ​សន្តិវិធី​ ​ឈរលើ​ មូលដ្ឋាន​ការទូត​ និង​មូល​ដ្ឋាន​គតិយុត្តិ​​ ដែល​រាជាណាចក្រកម្ពុជា​មាន​។
មាន​ប្រសាសន៍​ក្នុង​ឱកាស​នោះ​ឯកឧត្តម​តំណាង​រាស្រ្ត​ទាំង​បី​រូប​ នៃ​គណបក្ស​ប្រជាធិបតេយ្យ​ ដែល​ជា​គណបក្ស​កាន់​អំណាច​នៅក្នុង​ប្រទេស​ជប៉ុន​ បាន​កោត​សរសើរ​ចំពោះ​ការ​រីក​ចំរើន​ ដ៏ឆាប់រហ័ស​លើ​វិស័យ​សេដ្ឋកិច្ច​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​​ ហើយ​បាន​សន្យា​ថា នឹង ​ជួយ​ជម្រុញ​រដ្ឋាភិបាល​ជប៉ុន​ និង​អ្នក​វិនិយោគជប៉ុន​ឲ្យ​មក​វិនិយោគ​នៅ​កម្ពុជា​ ក្នុង​នោះ​មាន ​ទាំង​ការ​ហោះហើរ​ត្រង់​ជប៉ុន-កម្ពុជា​ និង​ការ​នាំ​​កសិផលកម្ពុជា​ទៅកាន់​ប្រទេស​ជប៉ុន​ ដើម្បី​ បង្កើន​​ឲ្យ​មាន​ទំនាក់​ទំនង​ការទូត និង​សេដ្ឋ​កិច្ច​​កម្ពុជា-ជប៉ុន​​ឲ្យ​បាន​​កាន់​តែ​ល្អ​ប្រសើរ ​​ថែម ​ទៀត​​ផង​ដែរ​។
ឯកឧត្តម​ តាកាស៊ី អ៊ីស៊ីហ្សេគី (Takashi ISHIZEKI) ក្នុង​នាម​ប្រតិភូ​តំណាង​រាស្ត្រ​ គណបក្ស​ប្រជាធិបតេយ្យ​ ​បាន​ថ្លែង​អំណរគុណ​ចំពោះ​ឯកឧត្តម​បណ្ឌិត សុខ អាន​ ដែល ​បាន​មាន​ប្រសាសន៍​ផ្តល់​ជូន​នូវមេរៀន​​បទពិសោធន៍​ល្អ​ របស់​កម្ពុជា​ក្នុង​ការ ​ដោះស្រាយ ​បញ្ហា​ទឹក​ដី​ជាមួយ​ប្រទេសជិតខាង​ផង​ដែរ​។​

No comments:

Post a Comment