Friday, November 26, 2010

កិច្ចប្រជុំពេញអង្គលើកទី១៧​នៃគណៈកម្មាធិការសម្រ​បសម្រួលអន្តរជាតិ​​ ដើម្បីអភិរក្ស និងអភិវឌ្ឍន៍រមណីដ្ឋានប្រវត្តិសាស្រ្តអង្គរ​ បា​នបញ្ចប់​ដោយ​ជោគជ័យ​

កិច្ចប្រជុំពេញអង្គលើកទី​១៧ របស់គណៈកម្មាធិការសម្របសម្រួល​អន្តរ​ជាតិ ដើម្បីអភិរក្ស និងអភិវឌ្ឍន៍រមណីដ្ឋានប្រវត្តិសាស្ត្រអង្គរ ដែលប្រព្រឹត្តិទៅនៅសណ្ឋាគារ​សុខា​អង្គរ​ខេត្ត​ សៀម​រាប​ ត្រូវ​បាន​បិទ​បញ្ចប់​នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១០ ក្រោម​អធិបតី​ភាព​ ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការ គណៈរដ្ឋមន្រ្តី ​និងជាប្រធាន​អាជ្ញាធរ​អប្សរា។

កិច្ចប្រជុំរយៈ​ពេល​ពេញ​១ថ្ងៃ​នេះ ក៍មានធ្វើពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀង​ នៃ​ កិច្ចសហ​ប្រតិបត្តិការអភិរក្សប្រាសាទព្រះវិហារ​រវាងអាជ្ញាធរជាតិព្រះវិហារ និងស្ថាប័នICCROM (អាយក្រម)​ដែលជាផ្នែកមួយដ៍សំខាន់នៃអង្គការ UNESCO (យូណេស្កូ)
​អង្គប្រជុំ​ក៏បានទទួលរបាយការណ៏ពីការ ធ្វើ​បទអន្តរាគមន៍របស់ប្រទេសដៃគូរដែលចូលរួម​ ទាំង១៨​ប្រទេស និងបណ្តាអង្គការធំៗ​ចំនួន៤ ដែលបានលើកឡើងអំពីសកម្មភាពការងារ លើកិច្ច​សហប្រតិបត្តិការអន្តជាតិ ក្នុងអំឡុងពេល ១៨ឆ្នាំ កន្លងមកនេះ ក្នុង​នោះ​មានគម្រោង ធំៗ​ប្រមាណ​៦០ ដែលត្រូវអនុវត្តក្នុងការអភិរក្ស និងអភិវឌ្ឍន៍រមណីដ្ឋានប្រវត្តិសាស្ត្រអង្គរ។
ជារួមបទបង្ហាញបានផ្តោតទៅលើការដ្ឋានជួសជុលប្រាសាទនានា របាយការណ៍​ស្តី​ពី​ គម្រោង​​អភិវឌ្ឍន៍​សហគមន៍ គម្រោងគ្រប់គ្រងអង្គរ និងគម្រោងអភិវឌ្ឍន៍មួយចំនួនទៀត ដែល​ក្នុង​នោះ​​មាន​គម្រោង​បង្កើត​សេវាទេសចរណ៍មគ្គុទ្ទេសក៏​ តាមរយៈការប្រើប្រាស់ ឧបករណ៏​ស្តាប់​ត្រចៀក គម្រោង​​បញ្ចាំង​ភ្លើងនៅអង្គរនៅពេលយប់ជាដើម។​ បណ្តាប្រទេស ជាដៃ​គូ​សហប្រតិបត្តិការ និង​តំណាងអង្គការ​យូណេស្កូ បានបង្ហាញពីការពេញចិត្តចំពោះ លទ្ធផលការងារ​របស់​អាជ្ញាធរ​អប្សរា​ដែល​បានសង្គ្រោះអង្គរ​ ឲ្យរួចផុតពីភាពគ្រោះថ្នាក់​ ជាមួយ​គ្នានេះ ​សហប្រធាន​គណៈកម្មាធិការ​សម្របសម្រួល​អន្តរជាតិ​ដើម្បីអភិរក្ស និង អភិវឌ្ឍន៍រមណីដ្ឋានប្រវត្តិសាស្ត្រអង្គរ បាន​ឯកភាព​លើ​អនុសាសន៍ ICC ដែលបាន​លើក ឡើងក្នុងកិច្ចប្រជុំបច្ចេកទេសពី ៦ខែមុន ហើយ​អង្គ​ប្រជុំក៍បាន​សម្រេច​ដាក់​ចេញនូវ អនុសាសន៍​មួយ​ផងដែរ គឺទស្សនៈវិស័យវប្បធម៌គឺ​​ដើម្បី​អភិវឌ្ឍ។​ តំណាង​អង្គការ​យូណេស្កូ​ បាន​ចាត់​ទុក​ ICC ​អង្គរ​ថាៈ ជា​ស្ថាប័ន​គំរូ​ដែល​ត្រូវ​បាន​យក​ទៅ​ប្រើ​ប្រាស់​នៅ​ក្នុង​ប្រទេស ​អ៊ីរ៉ាក់​ និង​ អាហ្វហ្គានីស្ថានផង​ដែរ​។
ឯកឧត្តម​ សុខ អាន បានបង្ហាញពីមោទនៈភាពដែលអាជ្ញាធរអប្សរា និងប្រទេសដៃគូ សហ​ប្រតិបត្តិ​ការ​ខិតខំសម្រេចបានកន្លងមក ទៅលើការអភិរក្សនិងការអភិវឌ្ឍន៍តំបន់អង្គរ។ ឯកឧត្តម​បណ្ឌិត​ បាន​រំលឹកផងដែរអំពីការដាក់នូវឯកសាររបាយការណ៍របស់​ ព្រះ​រាជាណា ចក្រកម្ពុជា​កាល​ពី​ ខែ​មិថុនា ឆ្នាំ២០១០ កន្លងទៅនេះ ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌ​ ពិភពលោកពេញចិត្ត និងបានចេញនូវសេចក្តីសម្រេចមួយក្នុង​រយៈពេល៤ឆ្នាំទៀត ឲ្យកម្ពុជា ធ្វើរបាយការណ៍​ជូនដល់​គណៈកម្មាធិការ​ ដែលនេះ​ត្រូវ​បាន​ចាត់​ទុក​ថា ជាជោគជ័យ​ មួយ​​របស់កម្ពុជា​។ ឯកឧត្តម​បណ្ឌិត​ សុខ​អាន​​ ក៍បានឲ្យអាជ្ញាធរធ្វើការបកប្រែ ឯកសារ របាយការណ៍ពីភាសា​បារាំង​មក​ជា​ភាសា​អង់គ្លេស និងភាសាខ្មែរ ដើម្បីចែកជូនដល់ អង្គការអន្តរជាតិ និងក្រសួងស្ថាប័ននានា។ ​សូម​បញ្ជាក់ថា ឯកសារដែលនឹងត្រូវចែកជូន មួយទៀត​គឺជាឯកសារការងាររបស់​ក្រុមអាជ្ញាធរអប្សរា ដែល​បាន​ធ្វើ​អស់​រយៈពេល ១៥ឆ្នាំ គឺចាប់ពីការករកើតរហូតដល់ឆ្នាំ២០១០នេះ។
នៅរសៀលថ្ងៃដដែលនេះដែរឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន រួមជាមួយ​ប្រទេស​ ជាដៃ​គូរ​​អភិរក្ស និងអភិវឌ្ឍន៍រមណីដ្ឋានប្រវត្តិសាស្រ្ត​អង្គរបានអញ្ជើញ ជាអធិបតីភាពក្នុងពិធី កាត់​ខ្សែបូ​រ​សម្ពោធឲ្យចូលទស្សនាជាផ្លូវការ​នូវវត្ថុបូរាណ ដែលបានមកពីការធ្វើកំណាយ នូវស្ថានីយ៍​បុរេ​ប្រវត្តិ​សាស្រ្តបារាយណ៍ខាងលិច ឬបារាយណ៍ទឹកថ្លា ដែល​ត្រូវ​បាន​ផ្ទេរពី សារមន្ទីររាជធានីភ្នំពេញ មកដាក់តាំង​បង្ហាញក្នុង​សារមន្ទីរព្រះនរោត្តមសីហនុអង្គរ​។
តាមការគូសបញ្ជាក់ពីលោក លី វណ្ណា ប្រធានសារៈមន្ទីរ​ព្រះនរោត្តមសីហនុ​អង្គរ​បាន ​ឲ្យ​ដឹង​ថា គោល​បំណងនៃពិធីសម្ពោធការដាក់តាំងពិព័ណ៌វត្ថុប្រវត្តិសាស្រ្តថ្ងៃនេះ គឺជាការ បញ្ជាក់ជូនដល់​អ្នក​ទស្សនាទាំងអស់​ឲ្យបានដឹងថា វត្ថុបុរាណទាំងនេះក្រោយពីធ្វើ កំណាយ រកឃើញ​ពីស្ថានីយ៍បុរេ​ប្រវត្តិសាស្រ្តអង្គរកន្លងមក ត្រូវបានយកទៅដាក់តាំងនៅ សារៈមន្ទីរ នារាជធានីភ្នំពេញ ឥឡូវនេះត្រូវ​បាននាំយកមកដាក់តាំងបង្ហាញនៅ សារៈមន្ទីរព្រះនរោត្តម សីហនុអង្គរវិញជាកន្លែង​ដើម​ ដែល​យើងបានរកឃើញវត្ថុទាំងនេះ។​
លោកប្រធានសារៈមន្ទីរបានឲ្យដឹងថា យើងមានវត្ថុបុរាណរាប់រយប្រភេទ ប៉ុន្តែការដាក់ តាំង​នេះ​គឺ​ជ្រើសរើសយកវត្ថុបុរាណសំខាន់ៗមួយចំនួនប៉ុណ្ណោះ ដែលវត្ថុបុរាណទាំងនេះ​ មាន​អាយុ​កាល​មក​​​ដល់បច្ចុប្បន្ននេះប្រហែល៣ពាន់ឆ្នាំ មកហើយ គឺប្រហែល១៥០០ឆ្នាំ មុនគ្រឹះសករាជទៅទៀត។
វត្ថុបុរាណ​ ដែល​ត្រូវបាន​ដាក់​តាំង​ទាំងនេះគឺធ្វើអំពីដីដុត សំរិទ្ធ ដែក អង្កាំ កែវ ថ្ម ឆ្អឹង ភ្លុក និងវត្ថុធ្វើពីដីក្នុងអំឡុង​សតវត្សទី១​ ដល់ទី៤ ទី៥ និងទី៦ នាសម័យព្រៃក្មេង ឬយុគ្គសម័យសំរិទ្ធ។

No comments:

Post a Comment