Thursday, February 03, 2011

រដ្ឋមន្រ្តីក្រសួងការបរទេសថៃមកចរចារជាមួយកម្ពុជា សុំការដោះលែងថៃ២នាក់

ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងការប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃព្រហស្បត្តិ៍នេះ ក្នុងការចរចាជាមួយភាគីប្រទេសកម្ពុជា ក្នុងការសុំដោះលែងពិរុទ្ធជនថៃពីរនាក់ ឆ្លងចូលទឹកដីកម្ពុជាខុសច្បាប់ និងជាប់ចោទពីបទចារកម្មលួច ព័ត៌មានកង ទ័ពកម្ពុជា។
តាមសេចក្តីរាយការណ៍ ពីមន្រ្តីក្រសួងការបរទេសខែ្មរ បានអោយដឹងថា រដ្ឋមន្រ្តីក្រសួងការបរទេសថៃ លោក កាស៊ីតភិរម្យ មកដល់ប្រទេសកម្ពុជានៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១១នេះ ដើម្បីធ្វើការចរចាជាមួយប្រទេសកម្ពុជា សុំការដោះលែងមេដឹកនាំថៃអាវលឿង វីរ៉ា ស៊ុមខ្វាមឃីត និង លេខារបស់ខ្លួនម្នាក់ ឈ្មោះ រ៉ាទ្រី ដែលតុលាការនៅក្នុងប្រទេសកម្ពុជា បានកាត់ទោសអោយជាប់គុកម្នាក់៨ឆ្នាំ និងម្នាក់ទៀត៦ឆ្នាំ។
លោក កុយ គួង មន្រ្តីអ្នកនាំពាក្យអោយក្រសួងការបរទេសកម្ពុជា បានថ្លែងអោយដឹង “ការចរចារ រវាងរដ្ឋមន្រ្តីក្រសួងការបរទេសខែ្មរ លោក ហោ ណាំហុង និងលោកកាស៊ីតភីរម្យ រដ្ឋមន្រ្តីក្រសួងការបរទេសថៃ នឹងធ្វើឡើងនៅថ្ងៃស្អែកនេះក្នុងខេត្តសៀមរាប។
ដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីក្រសួងការបរទេសថៃនេះ នឹងមានរយៈពេលពីរថ្ងៃ គឺពីថ្ងៃទី៣-៤ ខែកុម្ភៈ ក្នុងគោលបំណងសុំដោះលែងពិរុទ្ធជនថៃពីរនាក់ សុំអោយដកទង់ជាតិ កម្ពុជាចេញពីវត្តខ្មែរ កែវសិក្ខាគីរីស្វារៈ និងសុំអោយរើវត្តខ្មែរកែវសិក្ខាគីរីស្វារៈនោះចេញផងដែរ។ ក្រៅពីចំណុចស្នើសុំខាងនេះដែរ ថៃធ្វើក្នុងគោលដៅពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។
ដំណើរគ្រោងទស្សនកិច្ចនេះបានធ្វើឡើងនៅគ្រាដែលនាយករដ្ឋមន្រ្តីថៃ អាប់ភីស៊ីត បានបញ្ជាទាហានថៃចូលដោះទង់ជាតិកម្ពុជា នៅប្រាសាទព្រះវិហារ ដែលការបញ្ជានេះបាន ធ្វើអោយស្ថានភាពតានតឹងខាងយោធានៅតាមតំបន់ព្រំដែនរវាងកម្ពុជា-ថៃ។
ទាក់ទងទៅនឹងការស្នើរសុំរបស់ខាងភាគីថៃនៅចំណុចទាំងបីខាងលើនេះដែរ ប្រជាពល រដ្ឋកម្ពុជាគឺមិនបានយល់ព្រមនូវសំណើររបស់ថៃនោះទេ។ ជាមួយគ្នាប្រជាពលរដ្ឋក៏សុំអោយរដ្ឋាភិបាលកម្ពុជាកុំអោយយល់ព្រម តាមការស្នើរសុំរបស់ថៃឈ្លានពាននោះអោយ សោះ៕
ដោយៈ កញ្ញាដាលីន

No comments:

Post a Comment