Friday, February 04, 2011

ជប៉ុន​ផ្តល់​ជំនួយឥតសំណង​ជាង ២ សែន​ដុល្លារ ដល់​វិស័យ​អប់រំ​កម្ពុជា

ភ្នំពេញ: រាជរដ្ឋាភិបាល​ជប៉ុន​បាន​ផ្តល់​ជំនួយ​សរុប​ចំនួន ២៥៥.៦៥៤ លាន​ដុល្លារ​អាមេរិក លើ​វិស័យ​អប់រំ​នៅ​កម្ពុជា​។ ជំនួយ​ថវិកា​បន្ថែម​នេះ ធ្វើឡើង​តាមរយៈ​គម្រោង​ប្រតិបត្តិការ​សេដ្ឋកិច្ច​របស់​ជប៉ុន​នៃ​ជំនួយ​ឧបត្ថម្ភ សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច​-​សន្តិសុខ​មនុស្សជាតិ ( ជំនួយ​គូ​សាណូ​ណិ )​។​

​    ​កិច្ចសន្យា​ផ្តល់​ជំនួយ​របស់​ជប៉ុន​នេះ ត្រូវបាន​ចុះហត្ថលេខា​នៅ​ស្ថានទូត​ជប៉ុន ប្រចាំ​កម្ពុជា នា​រសៀល​ម៉ោង ៣ ថ្ងៃទី​៤​កុម្ភៈ ឆ្នាំ​២០១១​។ ពិធី​ចុះហត្ថលេខា​នោះ ចូលរួម​ដោយ​លោក ម៉ាសា​ហ្វ៊ូមី គូ​រ៉ូ​គី ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ជប៉ុន​ប្រចាំ​កម្ពុជា និង​អ្នកតំណាង​ឲ្យ​ស្ថាប័ន​ទទួល​ជំនួយ​និមួយៗ​។​
​    ​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន​ចំនួន ២៥៥.៦៥៤ ដុល្លារ​អាមេរិក សម្រាប់​ស្ថាប័ន​ចំនួន ៣ រួមមាន​៖ ទី​១-​ថវិកា​ចំនួន ៨៧.៣៤០ ដុល្លារ​អាមេរិក សម្រាប់​គម្រោង​សាងសង់​អគារ​ពិសោធន៍​វិទ្យាសាស្ត្រ​នៅ​សាលា​គរុកោសល្យ និង​វិក្រិតការ ខេត្តសៀមរាប​។ ទី​២-​ថវិកា​ចំនួន ៨២.៤៨០ ដុល្លារ​អាមេរិក សម្រាប់​គម្រោង​សាងសង់​អគារ​ពិសោធន៍​វិទ្យាសាស្ត្រ​នៅ​សាលា​គរុកោសល្យ និង​វិក្រិតការ ខេត្ត​បាត់ដំបង និង​ទី​៣-​ថវិកា​ចំនួន ៨៥.៨៣៤ ដុល្លារ​អាមេរិក សម្រាប់​គម្រោង​សាងសង់​អគារសិក្សា នៅ​សាលាបឋមសិក្សា​កោះ​ក្រសាំង ក្នុងស្រុក​បាកាន ខេត្ត​ពោធិសាត់​។​
​    ​ឯកសារ បានបង្ហាញ​ថា ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន ជួយ​ដល់​ការអភិវឌ្ឍន៍​ប្រទេស​កម្ពុជា ចាប់តាំងពី​ឆ្នាំ​១៩៩២ មកដល់​ឆ្នាំ​២០០៩ មាន​ចំនួន ១,៨ ពាន់​លាន​ដុល្លារ​អាមេរិក​៕​

ដោយ : លីហូវ

No comments:

Post a Comment