Wednesday, December 08, 2010

បទវិចារណកថា៖​ កម្ពុជា គឺ​ជាស្ថាន​សួគ៌នៃ​សិទ្ធិ​សេរី​ភាព

          បន្ទាប់​ពី​បាន​រួចផុត​ជី​វិត​ពី​ការកាប់​សម្លាប់​នៃបន​ប្រល័យ​ពូជ​សាសន៍ប៉ុល ពត ថ្ងៃ​ទី​៧ខែ​​មករា ឆ្នាំ១៩៧៩ មក កម្ពុជាបាន​ប្រែ​មុខមាត់​ថ្មីដោយ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​រាជ​រដ្ឋាភិ​បាល​ក្នុង​ការ​ស្តារ កសាង​ និង​អភិវឌ្ឍប្រទេស​ពីបាតដៃទទេរហូត​ធានាបាន​នូវ​ស្ថេរភាព​នយោបាយ សន្តិសុខ និង​ការ​អភិ​វឌ្ឍរីក​ចំ​រើន​ស្ទើគ្រប់​វិស័យ​។
          ទាំង​នេះ ​គឺ​ជា​សក្ខី​ភាព​ប្រវត្តិ​សាស្ត្រ​ដែល​ខ្មែរគ្រប់​រូប​មិន​អាច​បំ​ភ្លេចបាននូវ​សាមគ្គី​ភាព​រវាង​ខ្មែរ​និង​ខ្មែរ ជាពិសេសឥស្សរជន​សំ​ខាន់​ៗជាច្រើនរបស់​គណបក្ស​ប្រជា​ជន​កម្ពុជា​ ដែល​បាន​​​​​តស៊ូ ជំនះគ្រប់​ឧបសគ្គ ប្តូរជី​វិត ដើម្បី​នាំ​មក​នូវ​លំ​នឹង​នយោបាយក្នុង​ប្រទេស​ និង​ការរស់​ឡើងវិញនូវ​ប្រពៃណី​ វប្បធម៌ ក៏ដូចជា​ការ​កើត​មាន​នូវ​លទ្ធិ​ប្រជាធិបតេយ្យ ការគោរព​និង​ការ​លើក​កម្ពស់សិទ្ធិ​សេរី​ភាព​ ក៏ដូចជា​បាន​ពង្រីក​នូវ​ទំ​នាក់​ទំ​នងកិច្ច​សហប្រតិបត្តិ​ការទាំងក្នុង​តំ​បន់​ និង​សកល​លោក។ ប៉ុន្តែ​ គួរឲ្យ​សោក​ស្តាយ​ជាពន់​ពេកក្នុង​ខណៈពេល​​ដែល​រាជ​រដ្ឋាភិបាល​បាន​​​និង​កំ​ពុងគោរពយ៉ាង​​ត្រឹមត្រូវ​តាម​ច្បាប់​រដ្ឋធម្ម​នុញ្ញ និង​ប្រកាន់​ខ្ជាប់​នូវ​របបប្រជា​ធិបតេយ្យ​សេរីពហុបក្សដោយ​យក​ចិត្ត​ទុកដាក់​ជា សំ​ខាន់​បំ​ផុត​ក្នុង​ការ​គោរព​សិទ្ធិ​មនុស្ស​​ បែរជា​មាន​ក្រុម​អង្គការមិន​មែន​រដ្ឋាភិបាលមួយ​ក្រុម​តូចមើលរំ​លង​ពី​ការពិត​ និង​បាន​បន្ទាប​បន្ថោក​តម្លៃ​សិទ្ធិ​មនុស្សនៅ​កម្ពុជាថាដើរ​ថយ​ក្រោយ​ ដោយ​ពួក​គេប្រែ​ក្លាយ​ទិវាសិទ្ធិ​មនុស្ស១០ធ្នូ ដើម្បី​នាំ​គ្នា​ដើរដង្ហែក្បួន​នៅ​តាម​ដង​ផ្លូវ​ ទាម​ទារ​ការ​ប្រែ​ក្លាយ​ប្រព័ន្ធ​យុត្តិ​ធម៌ ​សិទ្ធិ​សេរី​ភាព​ សេចក្តីថ្លៃថ្នូរ និង​ការ​រស់​នៅ​សម​រម្យរបស់​ប្រជាពល​រដ្ឋ​ទៅ​វិញ​។
          ក្នុង​ចំ​ណោម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំង​នោះ​ ក៏ឃើញមាន​គណៈកម្មាធិ​ការ​ប្រព្រឹត្តិ​កម្ម​នៃ​អង្គការសមាគមការ​ពារសិទ្ធិ​មនុស្ស​ របស់​លោកធន់​ សារាយ , លោក សុខ សំ​អឿន , លោក​ស្រី​ពុង​ ឈីវ​ហ្កិច ជាមេដឹក​នាំចលនាតវ៉ានោះ​ផង​ដែរ ​។ តើ​សម​គួរនឹង​ពួក​គេបង្កើត​បញ្ហារំ​ខាន​សន្តិសុខ សណ្តាប់​​​​ធ្នាប់​ ក្នុង​​ទិវា​សិទ្ធិ​មនុស្ស​១០ធ្នូ ដែល​ជា​ថ្ងៃ​ឈប់​សម្រាករបស់​ប្រជា​ពល​រដ្ឋ​​នោះ​ដើម្បី​អ្វី​? ជាចំ​លើយ​បឋម​ យើង​អាច​គិត​បាន​ថាសកម្ម​ភាព​ដង្ហែក្បួន​នៅ​តាម​ដង​ផ្លូវ​នេះ​ គឺ​គ្មាន​អ្វី​ក្រៅ​ពី​ការ​មួល​បញ្ហា​ បំ​ផ្លើសការ​ពិត ដើម្បី​​គាប់​គុណ​បរទេស​ចង់​បាន​ប្រាក់​ជំ​នួយ​តែ​ប៉ុណ្ណោះ។ ឬយើង​អាច​និយាយ​ម៉្យាង​ទៀតថា« បើ​ពួក​គេ​សរសើរពី​ការ​រីក​ចំ​រើន​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស​ គឺ​ប្រាកដណាស់​ថា​ពួក​គេនឹង​ត្រូវ​ខាត​បង់​ប្រាក់​ជំ​នួយឬអស់​អាជីព​។ជារឿង​ពុំ​គួរ​គប្បី​នោះទេ​ដែល​អង្គការសមាគម​ការពារសិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាលមួយ​ក្រុម​តូច​បាន​ឆ្លៀត​​ឆក់​យក​ឱកាសនេះ​​ដើម្បី​បរិហាររិះ​គន់មកលើរាជ​រដ្ឋាភិបាល​​ ពាក់​ព័ន្ធ នឹង​សិទ្ធិ​មនុស្ស និង​ជុំ​វិញ​ដំ​ណើ​រការប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​» ។ ពួក​គេបាន​​អះ​អាង​ថា សកម្ម​ជនការពារ​​សិទ្ធិ​មនុស្សត្រូវ​រង​ការគំ​រាម​កំ​ហែង​ និង​ចោទ​ថា​ពល​រដ្ឋពុំ​មាន​សិទ្ធិ​គ្រប់​គ្រាន់​ក្នុង​ការ​បញ្ចេញ​មតិជាដើម​។
            ប៉ុន្តែ ការពិត​នៅ​កម្ពុជា គឺ​ប្រៀប​បានទៅ​និង​ឋានសួគ៌នៃ​សិទ្ធិ​សេរី​ភាព​ទៅ​ហើយ​ ពី​ព្រោះ យោង​​​តាមរដ្ឋធម្មនុញ្ញមាត្រា៣១បានចែងថា« ព្រះរាជាណាចក្រកម្ពុជាទទួលស្គាល់និង​គោរពសិទិ្ឋមនុស្ស​ដូចមានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ សេចក្តីប្រកាសជាសកលស្តីពីសិទិ្ឋមនុស្ស​​​និង​កតិកាសញ្ញា​ព្រមទាំងអនុសញ្ញាទំាងឡាយទាក់ទងទៅនិងសិទ្ឋិមនុស្ស។ ​មាត្រា៤១ គឺប្រជាពលរដ្ឋ​ខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសាព័ត៌មាន​​សេរីភាព​​ខាងការ​បោះ​ពុម្ភ​ផ្សាយសេរីភាពខាងការប្រជុំ។ មាត្រា៤២ គឺប្រជាពលរដ្ឋមានសិទ្ឋិបង្កើតសមាគម​និងគណបក្ស​នយោ​​​​បាយ។កម្មករមានសិទ្ឋិបង្កើតសហជីព និងនិយោជកមានសិទ្ឋិបង្កើតសមាគមនិយោជក ស្រប​ទៅតាម​ច្បាប់ស្តី​ពី​​ការងារនៅ​​កម្ពុជា ដែល​រហូត​មក​ដល់​ពេល​នេះ​មានសហជីពចំនួនប្រមាណ​១ពាន់​​និងសហព័ន្ឋ​២៧និង​មាន​សមាគម​ ក៏ដូចជាអង្គការសង្គមស៊ីវិលចំនួនជាង៣ពាន់​ បាន​និង​កំ​ពុង​ធ្វើ​សកម្ម​ភាព​ការងាររបស់​ខ្លួន​យ៉ាង​ផុល​ផុស​​ចំណែកវិទ្យុមិនគំាទ្រនិងគំាទ្ររាជរដ្ឋាភិបាលជាច្រើន ​​និង​សាព័ត៌មាន វិទ្យុ គេហទំ​ព័រ ដែល​មាន​ការ​គាំ​ទ្រមក​ពី​ចំ​រុះ​និន្នាការ​ ។ ក្រៅ​ពី​នេះ​រាជ​រដ្ឋាភិបាលកម្ពុជា​តែងតែមានការ​បោះឆ្នោតទៀងទាត់រាល់៥ឆ្នំាម្តងនិងមានការបោះឆ្នោតព្រឹទ្ឋសភា បោះឆ្នោតឃុំ សង្កាត់ រាជធានីយ៉ាងទៀងទាត់។
រាជរដ្ឋាភិបាលកម្ពុជា ប្រកាន់យករបបសភាអាស្រ័យធម្មនុញ្ញ ដែលមានពហុគណបក្ស​នយោ​បាយ​ចូលរួមប្រកួតប្រជែងដោយសេរី​ត្រឹម​ត្រូវ​និង​​យុត្តិធម៌។នៅ​ពេល​យុទ្ឋនាការបោះ​ឆ្នោត​គណ​បក្ស​​​​និមួយៗបានរិះគន់រដ្ឋាភិបាលដោយ​ឥត​សំចៃមាត់​ ហើយ​ការ​បោះឆ្នោតចាប់ពីពេលចាប់ផ្តើម​រហូត​ដល់ការប្រកាសលទ្ឋផលចុងក្រោយពុំមានការរំលោភសិទ្ឋមនុស្ស ឬការសំលាប់មនុស្ស​កើត​ឡើងទេ​​ដោយមានអ្នកសង្កេតការណ៏ការជាតិ អន្តរជាតិរាប់រយនាក់ តាមឃ្លាំ​មើល​គ្រប់ការិយាល័យ។​​                                  ទាំងនេះសបញ្ជាក់ឲ្យឃើញថាប្រទេសកម្ពុជាពោរពេញដោយការ​បើកចំ​ហរ​យ៉ាង​ទូលាយនូវ​សិទ្ឋិ​​សេ​រី​ភាព​និងប្រជាធិបតេយ្យ ដែល​មិន​អាក្រក់​ដូចការ​មួល​បង្កាច់​ដោយ​ក្រុម​សមាគម​សិទ្ធិ​មនុស្ស​មួយចំ​នួន​នោះ​ទេ។ ផ្ទុយ​ទៅ​វិញភាព​ប៉ិន​ប្រសពក្នុង​ការ​ដឹក​នាំ​របស់​សម្តេចអគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី បាន​នាំមក​នូវ​ទំ​នុក​ចិត្តដល់​ប្រទេស​ម្ចាស់​ជំ​នួយ ដែល​ក្នុង​ឆ្នាំ​ចុង​ក្រោយ​នេះ​ក្រុម​ប្រទេស​ទាំង​នេះ​បាន​ផ្តល់​ទឹក​ប្រាក់​ចំនួន​១១០០លានដុល្លាអាមេរិកដល់​កម្ពុជា​ នេះ​គឺ​ជា​ជោគ​ជ័យ​ដ៍ធំ​ធេង​របស់​រាជ​រដ្ឋាភិបាល។ ដូច្នេះ​ សកម្ម​ភាព​នាំ​គ្នា​ដង្ហែរក្បួន​តវ៉ា​ក្នុង​ទិ​វា​ សិទ្ធិ​មនុស្សថ្ងៃ​១០ ធ្នូ​ គឺ​ហាក់​បី​ដូច​ជា​ពួក​គេនាំ​គ្នាបំ​ផ្លាញ​សន្តិ​ភាព​នូវ​កម្ពុជា​ ឬអាច​ចាត់​ថា​ជា​ការ​ទាម​ទារ​សិទ្ធិ​សេរី​ផាព​ហួសព្រំ​ដែន​ ដែល​ពួក​គេ​ប្រៀប​បាននឹង​ក្រុម​ជន​ឱកាសនិយម​ ឆ្លៀត​កេង​ផល​ប្រយោជន៍បុគ្គល​សួន​តួតែ​ប៉ុណ្ណោះ គឺ​ពុំ​បាន​គិត​ពី​ផល​ប្រយោជន​ជាតិ​ជាធំ​នោះ​ទេ៕​
រួម ជាតិ

No comments:

Post a Comment