Tuesday, December 28, 2010

ពិធី​ចុះ​ហត្ថ​លេខា​រវាង​ក្រុម​ហ៊ុន​ណឹម ម៉េង​គ្រុប និង​ក្រុម​ហ៊ុន​ហុង ទុង ចុះ​កិច្ច​ព្រម​ព្រៀង​​ធ្វើ​អាជីវ​កម្ម​រ៉ែរួម​គ្នា

ក្រុម​ហ៊ុន​ណឹម ម៉េង​គ្រុប អិល​ធីឌី បាន​ចុះ​ហត្ថ​លេខា​ជា​មួយ​ក្រុម​ហ៊ុន​ហុង ទុង នៃ​សាធា​រណ​រដ្ឋ​ប្រជា​មានិត​ចិន កាល​ពី​រសៀល​ថ្ងៃ​ទី​២៤ ខែ​ធ្នូ នៅ​លើ​កិច្ច​ព្រម​ព្រៀង​ធ្វើ​អាជីវ​កម្ម​រ៉ែ​រួម​គ្នា​នៅ​ស្រុក​ជីក្រែង ខេត្ត​សៀម​រាប។ ពិធី​ចុះ​ហត្ថ​លេខា​នេះ​បាន​រៀបចំ​ឡើង​នៅ​ទីបញ្ជា​ការ​ដ្ឋាន​​អង្គ​រក្ស (តាខ្មៅ ខេត្ត​កណ្តាល) រវាង​លោក​ជំទាវ ឡាយ ស៊ីនាង ណឹម ម៉េង អគ្គ​​នាយិកា​​ក្រុម​ហ៊ុន​ណឹម ម៉េង​គ្រុប និង​លោក​ធិន តុង​ហ្គ័រ នាយក​ក្រុម​ហ៊ុន​ហុង ទុង ក្រោម​អធិ​បតី​ភាព​លោក​នាយ​ឧត្តម​សេនីយ៍ ហ៊ីង ប៊ុន​ហៀង ទីប្រឹក្សា​ផ្ទាល់​សម្តេច​​តេជោ ហ៊ុន សែន និង​ជា​អគ្គ​មេបញ្ជា​ការ​រង​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ និង​លោក​សួន សុធី អគ្គ​លេខា​ធិការ​គណៈ​កម្មាធិ​ការ​អភិ​វឌ្ឍន៍​កម្ពុជា។

លោក​ណឹម ម៉េង ថ្លែង​ថា ដើម្បី​ចូល​រួម​អភិ​វឌ្ឍន៍​ប្រកប​ទៅ​ដោយ​ចីរ​ភាព និង​និរន្តរ​ភាព ក្នុង​ន័យ​បង្កើន​ប្រសិទ្ធ​ភាព​នូវ​សក្តានុ​ពល​នៃ​ធន​ធាន​រ៉ែ​របស់​ព្រះ​រាជា​ណាចក្រ​កម្ពុជា និង​ដោយ​ប្រតិ​បត្តិ​តាម​គោល​នយោ​បាយ​យុទ្ធ​សាស្ត្រ​ចតុ​កោណ​ដំណាក់​កាល​ទី​២ របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា ដែល​មាន​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ជា​​ប្រមុខ​ដឹក​នាំ​ដ៏​ឆ្នើម ពោរ​ពេញ​ទៅ​ដោយ​បញ្ញា​ញាណ​បាន​កសាង​មាតុ​ភូមិ​កម្ពុជា​ពី​គំនរ​ផេះ​ផង់​ ពី​បាត​ដៃ​ទទេ ដែល​បាន​បន្សល់​ទុក​ពី​របប​កម្ពុជា​ប្រជា​ធិប​តេយ្យ ប៉ុល ពត ពី​ឆ្នាំ​១៩៧៩​មក ធ្វើ​ឱ្យ​មាន​ស្ថិរ​ភាព​នយោ​បាយ និង​អភិ​វឌ្ឍន៍​ឥត​ឈប់​ឈរ​លើ​គ្រប់​វិស័យ​ជា​រៀង​រហូត​មក​ដល់​សព្វ​ថ្ងៃ។
លោក​​ថ្លែង​ទៀត​ថា ដោយ​ផ្តើម​ចេញ​ពី​ជំនឿ​ជឿ​ជាក់ និង​ទុក​ចិត្ត​យ៉ាង​មុត​មាំ​លើ​ការ​ដឹក​នាំ​ដ៏​ឈ្លាស​វៃ ប៉ិន​ប្រសប់​របស់​រាជ​រដ្ឋា​ភិបាល​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​កម្ពុជា​បាន​ធ្វើ​សមាហរណ​កម្ម​ចូល​ទៅ​ក្នុង​ប្រទេស​ក្នុង​តំបន់ និង​ពិភព​លោក​ដោយ​ចាប់​យក​ដៃគូ​ អ្នក​វិនិ​យោគ​មក​ធ្វើ​វិនិ​យោគ​យ៉ាង​ច្រើន​លើ​គ្រប់​វិស័យ​នៅ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ដូច​ជា​វិស័យ​ទេស​ចរណ៍ វាយន​ភណ្ឌ កាត់​ដេរ អគ្គិ​សនី។ល។ ពិសេស​វិស័យ​ធន​ធាន​រ៉ែ ដែល​សព្វ​ថ្ងៃ​ក្រុម​ហ៊ុន​ណឹម ម៉េង​គ្រុប និង​ក្រុម​ហ៊ុន​ហុង ទុង នៃ​សាធា​រណ​រដ្ឋ​ប្រជា​មានិត​ចិន​បាន​និង​កំពុង​សហ​ការ​គ្នា​យ៉ាង​ស្អិត​រមួត ដើម្បី​បំរើ​ឱ្យ​សេវា​នេះ​ដំណើរ​ការ​ទៅ​បាន​ដោយ​រលូន និង​ជោគ​ជ័យ​ឆ្ពោះ​ទៅ​រក​ទិស​ដៅ​រួម​ចំណែក​កាត់​បន្ថយ​នូវ​ភាព​ក្រីក្រ​របស់​ប្រជា​ពល​រដ្ឋ​កម្ពុជា តាម​គោល​នយោ​បាយ​ប្រកប​ទៅ​ដោយ​ប្រសិទ្ធ​ភាព​ខ្ពស់​របស់​រាជ​រដ្ឋា​ភិបាល ដែល​ជា​ចំណុច​វិជ្ជ​មាន​សំរាប់​ក្រុម​ហុ៊ន​យើង​ខ្ញុំ​ទាំង​២ ទទួល​បាន​នូវ​លទ្ធ​ផល​ជា​ផ្លែ​ផ្កា​នៅ​ពេល​អនា​គត។
លោក​នាយ​ឧត្តម​សេនីយ៍ ហ៊ីង ប៊ុន​ហៀង បាន​មាន​ប្រសាសន៍​ថា ដោយ​ផ្តើម​ចេញ​ពី​ជំនឿ​ជឿ​ជាក់ និង​ទំនុក​ចិត្ត​យ៉ាង​មុត​មាំ​លើ​ការ​ដឹក​នាំ​របស់​រាជ​រដ្ឋា​ភិបាល​​​ដែល​មាន​សម្តេច​តេជោ ហ៊ុន សែន ​ជា​ប្រមុខ​បាន​ធ្វើ​ឱ្យ​កម្ពុជា​ធ្វើ​សមា​ហរណ​កម្ម​ខ្លួន​ចូល​ក្នុង​តំបន់​ និង​ពិភព​លោក និង​បាន​ចាប់​យក​ដៃគូ​អ្នក​វិនិ​យោ​គិន​មក​ធ្វើ​វិនិ​យោគ​យ៉ាង​ច្រើន​លើ​គ្រប់​វិស័យ​ ដូច​ជា​វិស័យ​ទេស​ចរណ៍ វាយន​ភណ្ឌ​ កាត់​ដេរ អគ្គិ​សនី​ជា​ដើម។ ពិសេស​ធន​ធាន​រ៉ែ ដែល​សព្វ​ថ្ងៃ​ក្រុម​ហ៊ុន​ណឹម ម៉េង​គ្រុប និង​ក្រុម​ហ៊ុន​ហុង ទុង ប្រទេស​ចិន​បាន​និង​កំពុង​សហ​ការ​នាពេល​នេះ ដែល​ជា​ការ​សំដៅ​រួម​ចំណែក​កាត់​បន្ថយ​នូវ​ភាព​ក្រីក្រ​របស់​ប្រជា​ពល​រដ្ឋ​កម្ពុជា​ តាម​គោល​នយោ​បាយ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ខ្ពស់​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា៕

No comments:

Post a Comment