Friday, December 24, 2010

សេចក្តីប្រកាសព័ត៌មាន៖ ស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១០

ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១០ វេលាម៉ោង ៨​ និង៣០នាទីព្រឹក នៅទីស្តីការគណៈរដ្ឋមន្ត្រី មានបើក​សម័យ​ ប្រជុំពេញ អង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់បំផុតរបស់ សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិទី ៤ ដើម្បីឆ្លងៈ
១- សេច​ក្តី​ព្រាង​អនុក្រឹត្យចំនួន០៣របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​​
៣-១.​ សេច​ក្តី​ព្រាង​អនុក្រឹត្យស្តីពី​ការ​រៀបចំ​និង​​ការ​ប្រព្រឹត្ត​ទៅ​របស់​អង្គភាពប្រឆាំង​អំពើ​ពុក​រលួយ
៣-២.​ សេច​ក្តី​ព្រាង​អនុក្រឹត្យស្តីពី​ការ​​គ្រប់គ្រង ​និង​ចាត់​ចែង​ថវិកា​របស់​ស្ថាប័ន​ប្រឆាំង​អំពើពុក​រលួយ
៣-៣.​  សេច​ក្តី​ព្រាង​អនុក្រឹត្យស្តីពី​រូបសញ្ញា និង​ត្រា​របស់​ស្ថាប័ន​ប្រឆាំងអំពើពុករលួយ​
២- សេចក្តី​ព្រាង​អនុក្រឹត្យ​​​ ស្តីពីការ​បង្កើត​គណៈកម្មការ​ជាតិ​អ្នក​ជំនាញទេស​ចរណ៍។
៣-សេច​ក្តី​ព្រាង​អនុក្រឹត្យ​ ស្តីពី​ការ​រៀបចំ​ និង​​​ការ​ប្រព្រឹត្តទៅ​របស់​មជ្ឈមណ្ឌល​មាត្រា​ សាស្រ្ត​ ជាតិ​ ​ ​ ។​
៤-បញ្ហា​ផ្សេងៗ៖ សំណើ​សុំ​ការ​យល់​ព្រម​ពីគណៈរដ្ឋមន្រ្តី​ ដើម្បី​សុំ​សច្ចាប័ន​ពីស្ថាប័ន​នីតិប្បញ្ញាតិ្ត​លើ​" លិខិតធានារបស់​រាជរដ្ឋាភិបាល​​ នៃព្រះរាជាណាចក្រកម្ពុជា​ឲ្យ​ក្រុម​ហ៊ុន​អគ្គិសនីវៀតណាម​ សម្រាប់​គម្រោង​​ទិញ​​អគ្គិសនី​តាម​រយៈ​ខ្សែបញ្ជូន​អគ្គិសនី​តង់ស្យុងខ្ពស់​២២០​គីឡូវ៉ុល អនុភាព ២០០ មេហ្គាវ៉ាត់​ ពីក្រុម​ហ៊ុន អគ្គិសនី​វៀតណាម​ តភ្ជាប់​ពីអនុស្ថានីយ៍ ​ចូវដុក-វៀតណាម ឆ្លង​តាម​ច្រក​ព្រំដែន​ ភ្នំដិន-កម្ពុជា មក​ខេត្ត​ តាកែវ​-ភ្នំពេញ​ "។

ក្រោយពីបានស្តាប់របាយការណ៍ និងមតិពិភាក្សាផ្លាស់ប្តូរយោបល់រួចមក កិច្ចប្រជុំពេញអង្គ​គណៈ រដ្ឋ​មន្ត្រី​បាន​សម្រេចៈ
I-សេច​ក្តី​ព្រាង​អនុក្រឹត្យចំនួន០៣របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ៖
១.​ សេច​ក្តី​ព្រាង​អនុក្រឹត្យស្តីពី​ការ​រៀបចំ​ និង​​ការ​ប្រព្រឹត្ត​ទៅ​របស់​អង្គភាពប្រឆាំង​អំពើ​ ពុក​រលួយ
២.​ សេច​ក្តី​ព្រាង​អនុក្រឹត្យស្តីពី​ការ​​គ្រប់គ្រង​ និង​ចាត់​ចែង​ថវិកា​របស់​ស្ថាប័ន​ប្រឆាំង​អំពើ ពុក​រលួយ
៣.​  សេច​ក្តី​ព្រាង​អនុក្រឹត្យស្តីពី​រូបសញ្ញា និង​ត្រា​របស់​ស្ថាប័ន​ប្រឆាំងអំពើពុករលួយ
ការ​ប្រយុទ្ធប្រឆាំង​អំពើ​ពុករលួយ​ជា​ផ្នែក​មួយ​នៃ​កម្ម​វិធីកំណែទម្រង់​រដ្ឋ​របស់​រាជរដ្ឋាភិបាល​ ដើម្បី​ឲ្យ​មាន​ អភិបាល​កិច្ច​ល្អ​ ពង្រឹង​នីតិរដ្ឋ​ អភិវឌ្ឍសេដ្ឋ​កិច្ច​ប្រកប​ដោយ​ចីរភាព​ និង​កាត់​បន្ថយ​ភាព​ក្រីក្រ​។

ព្រះ​ករុណា​ព្រះ​បាទ​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ ​នៃ​ព្រះរាជាណាចក្ រកម្ពុជា​ បាន​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​អំពើ​ពុករលួយ​ជាកិច្ច​ការ​ប្រញាប់​តាម ​ព្រះ​រាជក្រម​លេខ នស/រកម/០៤១០/​០០៤/ ​ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ​២០១០ ដែល​ក្នុង​នោះ​ស្ថាប័ន ​​​ប្រឆាំង​អំពើ​ពុករលួយមួយ​​ ដែល​រួម​មាន​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​​អំពើ​ពុករលួយ​ និង​អង្គភាពប្រឆាំង​អំពើ​ ពុករលួយ​ត្រូវ​បាន​បង្កើត​ឡើង​​​។ ការអនុម័ត​​​សេច​ក្តី​ព្រាង​អនុក្រឹត្យ​ចំនួន​០៣ របស់​អង្គភាព​ប្រឆាំង​អំពើ​ ពុក​រលួយ ដែលរួមមាន ​-សេច​ក្តី​ព្រាង​អនុក្រឹត្យស្តីពី​ការ​រៀបចំ​ និង​​ការ​ប្រព្រឹត្ត​ទៅ​របស់​អង្គភាព ប្រឆាំង​អំពើ​ពុក​រលួយ -​សេច​ក្តី​ព្រាង​អនុក្រឹត្យស្តីពី​ការ​​គ្រប់គ្រង​ និង​ចាត់​ចែង​ថវិកា​របស់​ស្ថាប័ន ​ប្រឆាំង​អំពើពុក​រលួយ -​សេច​ក្តី​ព្រាង​អនុក្រឹត្យស្តីពី​រូបសញ្ញា និង​ត្រា​របស់​ស្ថាប័ន​ប្រឆាំង អំពើពុករលួយ គឺ​ជា​តម្រូវ​ការ​បន្ទាន់​ ដើម្បី​ធានា​ឲ្យ​​ការ​​អនុវត្ត​យុទ្ធសាស្រ្ត​របស់​រាជរដ្ឋាភិបាល​ដឹក​នាំ​ ដោយ​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្តីពីការ​​ប្រឆាំង​អំពើ​ពុករលួយ​ ​ដែល​ផ្តោត ​លើ​កត្តា​សារវន្ត​ចំនួន​៣ ប្រទាក់ក្រឡាគ្នា​គឺ​ ទី​១ ការ​អប់រំ​ ផ្សព្វផ្សាយ បង្ការទប់ស្កាត់​ ទី២ ការ​អនុវត្ត​ ច្បាប់​បង្ក្រាប​បទ​ល្មើស​ពុករលួយ​ ទី៣ ការ​ចូល​រួម​ពី​មហាជន​ និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​​​ ដំណើរ​ការ​មាន​ប្រសិទ្ធភាព​ល្អ​។

II- សេចក្តី​ព្រាង​អនុក្រឹត្យ​​​ ស្តីពីការ​បង្កើត​គណៈកម្មការ​ជាតិ​អ្នក​ជំនាញទេស​ចរណ៍ ៖
សេចក្តី​ព្រាង​អនុក្រឹត្យ​នេះមាន​ ៦ជំពូក និង​ ១៣ មាត្រា ​ត្រូវ​បាន​រៀបចំឡើង​ដោយ​ក្រសួង​ទេសចរណ៍​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​ទទួល​ស្គាល់គ្នា​ទៅវិញទៅមក​ នៃ​អ្នក​ជំនាញ​ទេស​ចរណ៍​ អាស៊ាន​ ដែល​បាន​ចុះហត្ថលេខាកាល​ពី​​ថ្ងៃទី​៨ ខែ​ មករា ឆ្នំា​ ២០០៩ ក្នុង​វេទិកា​​ទេសចរណ៍​អាស៊ាន​ ដែល​ប្រារព្ធធ្វើនៅ​ទី​ក្រុង​ ហាណូយ​ ប្រទេស​វៀតណាម​គណៈកម្មការ​ជាតិ​អ្នក​ជំនាញទេស​ចរណ៍(គជអទ) ដែល​ត្រូវ​បាន​បង្កើត​ ដោយ​អនុក្រឹត្យ​នេះ​មាន​តួនាទី​​ ធ្វើ​យ៉ាង​ណា​សម្រួល​ការ​ធ្វើ​បំលាស់​ ទី​អ្នក​ជំនាញ​​ទេសចរណ៍​ក្នុង​បណ្តា​​ប្រទេស​ជា​សមាជិក​អាស៊ាន​​ ​ ​ ​និង​ជម្រុញការផ្លាស់ប្តូរ​ការ​អនុវត្ត​ ល្អៗ ​ក្នុង​ការ​សាង​សមត្ថភាព​អ្នក​ជំនាញ​ទេសចរណ៍​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ និង​នៅ​ក្នុង​ប្រទេស​ ជា​សមាជិក​អាស៊ាន​ដទៃទៀត​។

III-សេច​ក្តី​ព្រាង​អនុក្រឹត្យ​ ស្តីពី​ការ​រៀបចំ​ និង​​​ការ​ប្រព្រឹត្តទៅ​របស់​មជ្ឈមណ្ឌល​មាត្រា​​សាស្រ្ត​ជាតិ ​៖
យោង​តាម​អនុក្រឹត្យ​នេះ​មជ្ឈមណ្ឌលមាត្រាសាស្រ្ត​ជាតិ(មមជ)​ ត្រូវ​បាន​បង្កើត​ឡើង​ និង​ដាក់​ឲ្យ​ស្ថិត​នៅ​ ក្រោម​ក្រសួង​ឧស្សាហកម្មរ៉ែ និង​ថាមពល ដើម្បី​ជម្រុញ​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​មាត្រាសាស្រ្ត​កម្ពុជា​ ដែល ​បាន​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ នស/រកម/០៨០៨/០៦/ ចុះថ្ងៃទី​ ១១ ខែ សីហា ឆ្នាំ​២០០៩ ​មាន​ប្រសិទ្ធ​​ភាព​​ ក្នុង​ទិស​ដៅ​ជម្រុញ​ភាព​ប្រកួត​ប្រជែង​ នៃ​វិស័យ​ឧស្សាហកម្ម​ និង​ពាណិជ្ជកម្ម ព្រម​ទាំង ​បំពេញ​កាតព្វកិច្ច​ក្នុង​នាម​ប្រទេស​​ជា​សមាជិក​អង្គការពាណិជ្ជកម្ម​ពិភពលោក​។

មមជ មានតួនាទី​គ្រប់​គ្រង​រាល់សកម្មភាព​ និង​សេវាកម្ម​ពាក់ព័ន្ធ​ការងារ​មាត្រាសាស្រ្ត​ មាន​ជាអាទិ៍​ វិទ្យាសាស្រ្ត​​មាត្រាសាស្រ្ត​ មាត្រាសាស្រ្ត​ឧស្សាហកម្ម​ និង​នីត្យានុកូលមាត្រាសាស្រ្ត​ ស្របតាម​គោល នយោបាយ​ជាតិ​ផ្នែក​មាត្រាសាស្រ្ត​

IV-បញ្ហា​ផ្សេងៗ ៖ អង្គ​ប្រជុំ​ពេញ​អង្គ​គណៈរដ្ឋមន្រ្តី​ បាន​សម្រេច​បញ្ជូន​​ ​"លិខិតធានារបស់​រាជរដ្ឋា ភិបាល​​នៃព្រះរាជាណាចក្រកម្ពុជា​ឲ្យ​ក្រុម​ហ៊ុន​អគ្គិសនីវៀតណាម​ សម្រាប់​គម្រោង​ទិញ​អគ្គិសនី​ តាម​រយៈ​ខ្សែបញ្ជូន​អគ្គិសនី​តង់ស្យុងខ្ពស់​ ២២០​គីឡូវ៉ុល អនុភាព ២០០ មេហ្គាវ៉ាត់​ ពីក្រុម​ហ៊ុន អគ្គិសនី​វៀតណាម​ តភ្ជាប់​ពីអនុស្ថានីយ៍ ​ចូវដុក-វៀតណាម ឆ្លង​តាម​ច្រក​ព្រំដែន ​ភ្នំដិន-កម្ពុជា មក​ខេត្ត​ តាកែវ​-ភ្នំពេញ ដើម្បី​សុំ​ការ​ផ្តល់​សច្ចាប័ន​ពីស្ថាប័ន​នីតិប្បញ្ញាតិ្ត​។​

-សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​បាន​មាន​ប្រសាសន៍​​រំលឹក​ថា នឹង​មិន​មាន​ការ​តែង ​តាំង​មន្រ្តី​ថ្នាក់​រដ្ឋលេខាធិការ​ អនុរដ្ឋលេខាធិការ​ ជួស​កន្លែង​ដែល​នៅ​ទំនេរ​ឡើយ​ ដើម្បី​ជៀសវាង​ការ​កើន​​ ចំណាយ​ក្នុង​ថវិកាជាតិ​។

 អង្គប្រជុំគណៈរដ្ឋមន្ត្រី បានបិទសម័យប្រជុំនៅវេលាម៉ោង១១និង៤០នាទី ។
រាជធានីភ្នំពេញ ថ្ងៃទី២៤ ខែ ធ្នូ ឆ្នាំ២០១០

No comments:

Post a Comment