Friday, November 19, 2010

ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ អាន ជួប​សំណេះសំណាល ជាមួយកីឡាករ ចំណុះ​ទូកមក​ពី​ខេត្ត​តាកែវ​

ឯកឧត្តមបណ្ឌិត​សភាចារ្យ​ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទី​ស្តីការ​គណៈ រដ្ឋមន្រ្តី​ បានសំណូមពរដល់កីឡាករប្រណាំង​ទូក​ឲ្យប្រឹងប្រែងយកឈ្នះការប្រកួត ដោយ​​ប្រើបច្ចេកទេស គោរពវិន័យ និង​រក្សាសុខភាពឲ្យបានល្អ ព្រោះថាវិន័យ និង​សុខភាព​គឺជាកត្តាសំខាន់បំផុតសំរាប់ ឲ្យទទួលបានជ័យជំនះ ពិសេសជៀសវាងការនាំអេដស៍ចូលផ្ទះ ។
នៅ​ក្នុង​ឱ​កាស​​អញ្ជើញទៅសាកសួរសុខទុក្ខ , សំណេះ សំណាល និង ពិនិត្យមើល ការហ្វឹកហាត់បំប៉នបច្ចេកទេស របស់ កីឡាករ ចំណុះទូក​មក​ពីខេត្ត​តាកែវ​នាព្រឹក​ថ្ងៃ​ទី​ ១៨ ខែវិច្ឆិកា ឆ្នាំ​២០១០ នៅ​មាត់​ទន្លេ វត្តអម្ពរវ័ន្ត ស្ថិត​នៅ​ឃុំ​ ឬស្សីជ្រោយ​ ស្រុក​​មុខ​កំពូល​ ខេត្ត​កណ្តាល​ ឯកឧត្តមបណ្ឌិត​ សុខ អាន  បានសរសើរ និង ថ្លែងអំណរគុណ ចំពោះ គណៈកម្មការរៀបចំ គ្រូបង្វឹក ព្រមទាំង ថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន មន្ត្រីរាជការ និងសប្បុរសជន តំណាងក្រុមហ៊ុននានា ដែលបានផ្តល់ការឧបត្ថម្ភ ជាសម្លៀកបំពាក់ថវិកា និងគ្រឿងឧបភោគបរិភោគ រួមចំណែក ជួយដល់ការស្នាក់នៅហ្វឹកហាត់ បំប៉ន បច្ចេកទេស របស់ចំណុះទូកឲ្យទទួលបានជ័យជំនះរាល់ៗឆ្នាំ ជាបន្តបន្ទាប់​។
ទាក់ទិននឹង ពិធីបុណ្យអុំទូក ដែលជាបុណ្យប្រពៃ​ណីជាតិ​ ដ៏ធំប្រចាំឆ្នាំ របស់ ព្រះរាជាណាចក្រ​​​កម្ពុជានោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បញ្ជាក់ថា ពិធីបុណ្យអុំទូកដែលបានរៀបចំឡើងជារៀងរាល់ ឆ្នាំនេះ  គឺជាផ្នែកមួយនៃ ទេសចរណ៍ វប្បធម៌ ដែលមានតម្លៃ ខាងសេដ្ឋកិច្ច ។ គួរកត់សំគាល់ដែរថា នៅលើ ពិភពលោក គេពិបាក រកបានណាស់ នូវពិធីបុណ្យមួយ ដែលប្រមូលផ្តុំប្រជាជនចូលរួមច្រើន រហូតដល់ ៣ ទៅ ៤ លាននាក់ បែបនេះ​ ណាស់​ ហើយ​​ព្រឹត្ដិការណ៍នេះ កាន់តែផ្តល់ការចាប់់អារម្មណ៍ ខ្លាំង បំផុត គឺនៅក្នុង​ពិធីចាប់កូនខ្លែង ពេលបញ្ចប់ពិធី ដែលមានទូក រាប់រយបណ្ដែត លើ ទន្លេ មុខ ៤  ដង្ហែកាត់ព្រ័ត្រ យ៉ាងកងរំពងនោះ ។
គួរកត់សំគាល់ថា បច្ចុប្បន្ននេះកម្ពុជា កំពុងទទួលបាន​ប្រយោជន៍ អំពីសក្តានុពល វិស័យទេសចរ​ណ៍​ ដែលកម្ពុជាមាន នោះគឺទេសចរណ៍វប្បធម៌ ។ ដោយសារទេសចរណ៍ គឺជាប្រភព ចំណូលដ៏ធំ ក្នុងសេដ្ឋកិច្ចជាតិ ដូច្នេះហើយ ទើប រាជរដ្ឋាភិបាល កម្ពុជា ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធ ដូចជាក្រសួង ទេសចរណ៍ ជាដើមនោះ បានខិតខំធ្វើឲ្យព្រឹត្តិការណ៍ប្រពៃណី ជាប្រវត្តិសាស្ត្រ​ នៃពិធីបុណ្យអុំទូកប្រចាំឆ្នាំ ក្លាយទៅជាព្រឹត្តិការណ៍ ទេសចរណ៍ សំរាប់ ពិភពលោក ។
ទូក ង របស់ខេត្តតាកែវ ដែលត្រៀមចូលរួមការប្រកួតក្នុងឱកាស បុណ្យអុំទូក បណ្តែតប្រទីបអកអំបុក សំពះព្រះខែ ក្នុងឆ្នាំនេះ មានចំនួន ១២ទូក និងមានកីឡាករ សរុប ១០៣៤​នាក់។ គណៈកម្មការ ទូក ង របស់ខេត្តតាកែវ បានរាយការណ៍ដែរថា ក្នុងចំណោមទូកទាំង ១២​​គ្រឿង ក្នុងឆ្នាំនេះ មានទូកចំនួន ៨គ្រឿង នឹងត្រូវបាន ចូលប្រកួត ក្នុងគូពិសេស , ១ គ្រឿង ប្រកួតជាលក្ខណៈ អន្តរជាតិ និង ៣គ្រឿងទៀត ចូលរួមប្រកួតជាទូទៅ។ ទូកទាំង​​១២​គ្រឿង​ ដែល​ទទួល​បាន​​ការ​គាំទ្រ​ឧបត្ថម្ភ​ដោយ​ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី​ សុខ អាន ក្នុងនោះ​មាន​ ទូក​មកពីខេត្តតាកែវ ចំនួន៩  គឺទូក គិរីវង្ស​សុខសែនជ័យ , ទូក តេជោសែនជ័យបារមីពេជ្រមុនី ,​ ទូក តាកែវទ្រាំងសុខសែនជ័យ បូរីជលសារស៊ូសុខសែនជ័យ , កោះអណ្តែត​ ​​សុខសែនជ័យ , អង្គរបុរីច័ន្ទសុខសែនជ័យ , ព្រៃកប្បាសសុខសែនជ័យ , ដូនកែវស៊ូសុខសែនជ័យ , ច័ន្ទសោមសុខសែនមង្គល , សែនពិដោរ, សំរោងសែនជ័យ បារមីភ្នំជីសូរ និងសំរោងតេជោសែនជ័យបារមី៧មករា ​ហើយនិង ទូក៣ទៀតរបស់ ទីស្តីការគណៈរដ្ឋមន្ត្រី គឺ ស្រី​សសុខសែនជ័យ និង អប្សរាសុខសែនជ័យ និងប្រាសាទព្រះវិហារសុខសែនជ័យ ។

No comments:

Post a Comment